ភ្នំពេញ៖ ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី៤ ខែវិច្ឆិកា សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រយៈពេល៥ខែនិងពិន័យ៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។
លោក ហែម សុជាតិ មេធាវីមួយរូបក្នុងចំណោម៥រូប បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ការសម្រេចនេះមិនត្រឹមត្រូវនោះទេ ហើយក្រុមមេធាវីនឹងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ។
សវនាការនេះ ដឹកនាំដោយលោកសេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ស៊ិន វិសាល លោក ជួន ស៊ុនឡេង ជាសមាជិក និង លោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។
លោក កឹម សុខា ពុំមានវត្តមានទេ តែមេធាវីរបស់លោក៥រូបបានចូលរួមសវនាការ គឺ លោក ហែម សុជាតិ លោក សំ សុគង់ លោក ចាន់ ចេន លោក ផែង ហេង និង លោកស្រី ម៉េង សុភារី ។
គួររំលឹកថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។
តុលាការរកឃើញថា លោកកឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕
ដោយ៖ ចេស្តា