ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីចូលរួមបិទការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦នៅស្តាតអូឡាំពិក ក្រោយពីប្រារព្ធការប្រកួតអស់រយៈពេល១០ថ្លៃកន្លងមកនេះ។
នេះបើយោងតាមFacebookរបស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ «នៅល្ងាចថ្ងៃ សៅរ៍ទី ៥ វិច្ឆិកា នេះ ខ្ញុំនិងភរិយា នឹងចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅស្តាតអូឡាំពិក។ តាមការប្រកួតប្រជែងអស់រយៈពេល ១០ថ្ងៃ កន្លងមកនេះ យើងសង្កេតឃើញថា កីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្តក្រុងទាំងអស់បានបញ្ចេញនូវសមត្ថភាពក្នុងការប្រកកួតប្រជែង ប្រកបដោយដោយការទទួលខុសត្រូវ គោរពវិន័យ និងក្រិតក្រម កីឡាបានល្អ (Fair Play)។ ច្បាស់ណាស់អ្នកដែលមានសមត្ថភាព គឺនឹងទទួលជ័យជំនះ ហើយយើងឈ្នះដោយកិត្តិយសថ្លៃថ្នូរដែលជាមោទនៈភាពរបស់កីឡាករខ្លួនឯងផង និងសម្រាប់ជាតិផង។ ខ្ញុំសង្ឃឹម និងមានជំនឿជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាគ្រប់រូបនៅក្នុងការដណ្តើមជោគជ័យធំៗជាច្រើនថែមទៀតសម្រាប់ជាតិ ជាពិសេស នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅក្នុងប្រទេសកម្ពុជាយើង។ សូមអរគុណជនរួមជាតិ ក្មួយៗ ចៅៗដែលបាន ចូលរួមលើកទឹកចិត្តគាំទ្រវិស័យកីឡាជាតិយ៉ាងសស្រាក់សស្រាំ និងសូមអរគុណគ្រូបង្វឹកទាំង អស់ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនកីឡាករ ទាំងអស់អោយមានសមត្ថភាពកាន់តែល្អខ្ពស់ឡើង។ យើងត្រូវរួមដៃគ្នាបន្តជំរុញចលនាកីឡាជាតិ អោយកាន់តែរីកចម្រើនខ្លាំងឡើងនៅក្នុងប្រទេស»៕