មន្ត្រីកូរ៉េខាងជើងដែលកន្លងមកមានព័ត៌មានផ្សព្វផ្សាយថា បានប្រហារជីវិត ពេលនេះស្រាប់តែបង្ហាញខ្លួនជាមួយមេដឹក នាំ គីម ជុងអ៊ុន នៅក្នុងដំណើរត្រួតពិនិត្យកម្លាំងទាហាននាពេលកន្លងមក។
សារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាង ត្បូងកាលពីថ្ងៃទី៤ ខែវិច្ឆិកា បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានទៅកាន់ទីតាំងកងពលលេខ ៥២៥ ដោយក្នុងនោះមានមន្ត្រីជាច្រើនដែល សង្ស័យថា បានកាត់ទោសប្រហារជីវិត នាពេលកន្លងមកក៏បានចូលរួមអមដំណើរលោក គីម ជុងអ៊ុន ផងដែរ។
នៅក្នុងដំណើរទៅសួរសុខទុក្ខកម្លាំងទាហាននោះលោក គីម ជុងអ៊ុន បានស្ងើចសរសើរដល់កម្លាំងទាហានដែលបានត្រៀម លក្ខណៈខ្ពស់នៅក្នុងការធ្វើសង្គ្រាមប្រឆាំង សត្រូវ។ ការត្រៀមលក្ខណៈបានបង្ហាញតាមរយៈការធ្វើសមយុទ្ធនាពេលកន្លងមក។
ទន្ទឹមនឹងនោះមេដឹកនាំ គីម ជុងអ៊ុន បានស្នើដល់បណ្តាមន្ត្រីយោធាត្រូវតែឲ្យ កម្លាំងទាហានហូបចុកគ្រប់គ្រាន់ដើម្បីអាច សម្រេចគោលដៅនៃការហ្វឹកហាត់ក្នុង ពេលខាងមុខ។
នេះជាការបង្ហាញខ្លួនលើកដំបូងក្រោយ ពេលមានព័ត៌មានផ្សាយថា លោក គីម ជុង អ៊ុន បានលាក់ខ្លួនដោយខ្លាចការលួចធ្វើឃាតក្រោយពេលមន្ត្រីជាន់ខ្ពស់ជាច្រើន មិនពេញចិត្តនឹងការដឹកនាំរបស់លោក៕
ប្រែសម្រួល៖ ម៉ែវ សាធី