ខេត្តរតនគិរី៖ មន្ត្រីសហគមន៍តំបន់ការពារធម្មជាតិអូរតាបូក ស្ថិតក្នុងឧទ្យានជាតិ វីរជ័យ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្ត រតនគិរី រកឃើញបទល្មើសកាប់ឈើប្រណីតមានតម្លៃជាថ្មីទៀតក្នុងព្រៃអភិរក្ស ។ គ្រាដែលមន្ត្រីសហគមន៍នាំគ្នាដើរល្បាតឃ្លាំ មើលព្រៃឈើនៅសេសសល់ ក្រោយពីការ លួចកាប់យកឈើអស់ជាច្រើននាឧទ្យាន ជាតិវីរជ័យនៅប៉ុន្មានឆ្នាំកន្លងទៅនេះ ។
ក្រុមល្បាតព្រៃសហគមន៍អូរតាបូក រួមជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ សង្គ្រោះសត្វព្រៃកម្ពុជា ប្រទះឃើញចំនៀរឈើប្រណីតថ្មីៗបន្សល់ចោលក្នុងតំបន់ព្រៃការពារធម្មជាតិ ជាភស្តុតាងបង្ហាញថា ជនល្មើសបានលួចអារយកឈើមានតម្លៃ ក្នុងព្រៃការពារជាថ្មីទៀត ។ ខណៈរដ្ឋាភិបាលបានប្រកាសប្ដេជ្ញាទប់ស្កាត់បទល្មើសព្រៃឈើឲ្យខាងតែបាននោះ ។
គួរបញ្ជាក់ថាក្រសួងបរិស្ថាន បានកាត់ ចេញតំបន់ព្រៃឈើ២.៨០០ហិកតារពី ឧទ្យានជាតិវីរជ័យ បង្កើតជាតំបន់ការពារ ធម្មជាតិអូរតាបូក ដើម្បីប្រគល់ឲ្យសហគមន៍ជនជាតិដើមភាគតិចព្រៅនៅតំបន់ក្បែរនោះ អភិរក្សតាំងពីឆ្នាំ២០១៤ រហូតមក ។
មន្ត្រីគម្រោងអង្គការសង្គ្រោះសត្វព្រៃ លោក មឿ ធារ៉ា បញ្ជាក់នៅថ្ងៃទី២ ខែ វិច្ឆិកានិយាយថា នេះជាការរកឃើញបទ ល្មើសព្រៃឈើថ្មី ដែលកើតមានក្រោយតំបន់ការពារធម្មជាតិបានប្រគល់ឲ្យសហគមន៍គ្រប់គ្រង ។ លោកបន្តថា ក្រុមល្បាតព្រៃ កំពុងបន្តល្បាតព្រៃនៅចំណុចផ្សេងទៀត ដើម្បីវាយតម្លៃជុំវិញបទល្មើសព្រៃឈើថ្មី និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ។
គួររឭកថា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រុមល្បាតសហ គមន៍អូរតាបូកសហការជាមួយមន្ត្រីបរិស្ថាន មន្ត្រីអនុរក្សឧទ្យានជាតិវីរជ័យ និងមន្ត្រីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា មានគ្នាសរុប ២០នាក់បាននាំគ្នាចុះល្បាតព្រៃ ហើយប្រទះឃើញចំនៀរឈើប្រណីតប្រភេទឈើធ្នង់ចំនួន៥ទៅ៦ដើមទំហំមុខកាត់៧ទៅ៨តឹក បន្សល់ចោលក្នុងព្រៃចំណុចអូរឡាប៉រ ។
ប្រធានសហគមន៍អូរតាបូក លោក សាលាត្រាវបញ្ជាក់ថា ជនល្មើសទំនងជាប្រជាពលរដ្ឋមកពីតំបន់ផ្សេងអាចជាប់ ពាក់ព័ន្ធលួចអារយកឈើមានតម្លៃនោះ ជាពិសេសសហគមន៍សង្ស័យទៅលើកម្មករក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅតំបន់ក្បែរតំបន់ការពារធម្មជាតិបានលួចកាប់ យកឈើដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុន គេកាយដើមវា ហើយគេរំលំខ្លះៗ ។
ប្រធានការិយាល័យផែនការ និងកិច្ច ការច្បាប់ និងជាមន្ត្រីសម្របសម្រួលតំបន់ការពារធម្មជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតន គិរី លោក ទន់ សុវណ្ណនី ឲ្យដឹងដែរថា រហូតមកទល់នឹងរសៀលថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៦ ក្រុមល្បាតព្រៃមិនទាន់ផ្តល់របាយការណ៍ពីលទ្ធផលចុះល្បាតព្រៃរយៈពេលពីរថ្ងៃកន្លងទៅនៅឡើយទេ ។
លោកថា ប្រសិនបើមានភស្តុតាងបង្ហាញ ថា មានបទល្មើសកើតមានជាថ្មីក្នុងព្រៃអភិរក្សនេះមន្ត្រីអនុរក្សឧទ្យានជាតិមានភារ កិច្ចស៊ើបអង្កេតរកមុខសញ្ញាប្រព្រឹត្តបទ ល្មើស យកមកផ្ដន្ទាទោសតាមច្បាប់ចង់ រកឲ្យឃើញចំណុចធំៗហ្នឹង បើមានខាង សមត្ថកិច្ចវីរជ័យ ត្រូវតែរកមុខសញ្ញាបទ ល្មើសឲ្យឃើញ តើបទល្មើសចេញពីប្រភព ណា? អ្នកណាបញ្ជាឲ្យធ្វើ? ។
គួរបញ្ជាក់ថា តំបន់ការពារធម្មជាតិ អូរតាបូក គឺជាតំបន់ព្រៃស្ថិតក្នុងឧទ្យានជាតិវីរជ័យ ។ ជាពិសេសឈើប្រណីត មាន បេង នាងនួន ធ្នង់ និងគ្រញូងរងការលួចកាប់បែបអនាធិបតេយ្យអស់ស្ទើរគ្មាន សល់តាំងពីឆ្នាំ២០១២ រហូតមក ៕
ដោយ៖ វុទ្ធឦសាន