គិតមកដល់ថ្ងៃទី៤ ខែវិច្ឆិកា មានពល រដ្ឋអាមេរិករហូតដល់៣៣លាននាក់បានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុន ពេលដែលការបោះឆ្នោតផ្តាច់ចុងក្រោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិនៅក្រៅទីតាំងបោះឆ្នោតមុនពេលនេះបានបង្ហាញឲ្យ ឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។
នៅក្នុង១២រដ្ឋដែលគេចាត់ទុកថា ជាសមរភូមិក្តៅសម្រាប់ការប្រជែងតំណែងប្រធានាធិបតីរបស់បេក្ខភាពទាំងពីររូប ពេលនេះមានពលរដ្ឋរហូតដល់ទៅ១៥លាន នាក់បានទៅបោះឆ្នោតរួចរាល់ហើយ។
នៅក្នុងការស្ទង់មតិចុងក្រោយនេះ របស់បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិនបាន ផ្សាយថា លោកស្រី ហ៊ីលឡារី គ្លីនតុន មានសំឡេងគាំទ្រនាំមុខលោក ដូណាល់ ត្រាំ រហូតដល់៤ពិន្ទុ។
បើទោះបីលោកស្រី ហ៊ីលឡារី គ្លីនតុន មានរឿងអាស្រូវមួយចំនួនពាក់ព័ន្ធនឹងសារៈ អេឡិចត្រូនិច «អុីម៉ែល» តែការគាំទ្រលោក ស្រីនៅតែកើនឡើងខ្ពស់។ អ្វីដែលគេចាប់អារម្មណ៍នោះគឺអតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដូចជាលោក ប៊ូស «ឪ» និងប៊ូស «កូន» បានប្រកាសបោះឆ្នោតឲ្យលោកស្រីគ្លីនតុន។ នេះជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សសាធារណរដ្ឋបែរជាមកបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យទៅវិញ។
បច្ចុប្បន្នអ្នកនយោបាយអ្នកឯកទេសសេដ្ឋកិច្ចសារព័ត៌មានធំៗរបស់អាមេរិក បានងាកទៅគាំទ្រលោកស្រី ហ៊ីលឡារី គ្លីន តុន គឺជារឿងដ៏ល្អបំផុតសម្រាប់លោកស្រីទទួលបានជ័យជម្នះក្នុងការដឹកនាំអាមេរិកនៅពេលដ៏ខ្លីខាងមុខ៕
ដោយ៖ ម៉ែវ សាធី