ក្រុងប៉ោយប៉ែត៖ អាជីវករម្នាក់ដែលដាក់តាំងលក់សាច់មាន់ខូចគុណភាព ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលរួមជាមួយកម្លាំងជំនាញសេដ្ឋកិច្ចក្រសួង និងមន្ត្រីពាណិជ្ជកម្មខេត្តឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ឲ្យពលរដ្ឋ បើមិនដូច្នេះទេនិងពិន័យជាប្រាក់ចាប់ពី១លានរៀលរហូតដល់៥លានរៀល។
ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្សារបឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងការចុះប្រតិបត្តិការនោះដែរ ដឹកនាំដោយលោក ហុង លៀង អនុប្រធានទី១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត/ក្រសួងមហាផ្ទៃរួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញ និងដកហូតយកមករក្សាទុកដើម្បីទុកដុតកម្ទេចចោល បង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ។
លោក ហុង លៀង អនុប្រធានទី១ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្តបានប្រាប់ថា ចំពោះបញ្ហាសាច់មានខូចគុណភាពដាក់តាំងលក់លើទីផ្សារខាងលើនោះ គីជាប្រភេទសាច់មាន់ខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ចំពោះពលរដ្ឋដែលទិញទៅបរិភោគដូចជាក្រពះ ពោះវៀន កើតរោគសើរស្បែកជាដើម ព្រោះសាច់មានទាំងនោះ មុនគេយកមកពីប្រទេសជិតខាងទម្រាំឆ្លងដល់ប្រទេសកម្ពុជាគេបានក្លេស្សេ ឬត្រាំជាតិប៉ូរ៉ាក់រក្សារទុកបានយូរ។
ដើម្បីសុវត្ថិភាពយើងត្រូវដកហូតយកមករក្សាទុកដុតកម្ទេចចោល និងធ្វើកិច្ចសន្យាចំពោះអាជីវករណាដែលដាក់តាំងលក់សាច់មាន់ខូចគុណភាព បើមិនដូច្នេះទេ មន្ត្រីជំនាញនឹងផាកពិន័យចាប់ពី១លាន់រៀលរហូតដល់៥លានរៀល និងដាក់ព័ន្ធនាគារពី១ខែដល់១ឆ្នាំ។
លោកបញ្ជាក់ថា ចំពោះទីផ្សារខាងលើនោះដែរ ក្រុមការងារយើងបានចុះណែនាំដល់អាជីវករច្រើនលើកមកហើយ តែរហូតមកដល់ពេលនេះឃើញថា អាជីវកយល់ដឹងខ្ពស់មិនសូវមានទំនិញហួសកំណត់ប្រើប្រាស់នោះទេ៕
ដោយ៖ វណ្ណា