ភ្នំពេញ ៖ បើទោះអាជ្ញាធរក្រុងបញ្ជាឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារជូនដំណឹងដល់ម្ចាស់ សំណង់ខុសច្បាប់ដ៏ធំនៅមាត់ទន្លេមេគង្គឱ្យបញ្ឈប់ការសាងសង់និងរុះរើចេញ ដោយទុករយៈ ពេល១ខែ ឥឡូវជិតដល់ថ្ងៃឱសានវាទក៏ដោយ ក៏ម្ចាស់សំណង់ដែលគេស្គាល់ថាឈ្មោះ អ៊ុយ វាំងសង់នៅតែបន្តការសាងសង់ដដែល ហាក់មិនខ្លាចញញើតនឹងច្បាប់ឡើយ ។
គួររំឭកថា អាជ្ញាធរខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បានចេញសេចក្តី ជូនដំណឹងដល់ម្ចាស់សំណង់ដ៏ធំស្កឹមស្កៃមួយនៅក្បែរស្ថានីយ៍បូមទឹកទន្លេមេគង្គជ្រោយចង្វារ ឱ្យរុះរើចេញ ដែលសំណង់នោះសង់រំលោភតំបន់ទន្លេមេគង្គ ស្ថិតក្នុងផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ការចេញសេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វារនេះ មានរយៈពេលជិត១ខែមក ហើយគឺឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់សាលរាជធានីភ្នំពេញកន្លងមកបញ្ជាឱ្យអាជ្ញាធរ ខណ្ឌជ្រោយចង្វារជូនដំណឹងឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់អត់ច្បាប់ចេញ ដោយទុក រយៈពេល១ខែ តែមកដល់ពេលនេះជិត១ខែហើយស្ងាត់ដូចចោរលួចសេះ ។
ប្រភពច្បាស់ការមួយបានឱ្យដឹងថា ម្ចាស់សំណង់ដ៏ធំមួយនេះមាន ឈ្មោះ អ៊ុយ វាំងសង់ ហើយគាត់ខ្នងក្រាស់ណាស់ បើអ្នកល្មមៗមិនអាចសាងសង់សំណង់ដ៏ធំមហិមាចូលដីចំណី ទន្លេដូច្នេះបានទេ ហើយឮថាបន្ទាប់ពីអាជ្ញាធរជូនដំណឹងឱ្យរុះរើចេញ ម្ចាស់សំណង់មិនរុះរើ តាមការជូនដំណឹងទេតែបែរជា កំពុងរត់ការខ្វែងដៃខ្វែងជើងទៅថ្នាក់លើ សុំកុំឱ្យរុះរើទៅវិញ មិនតែប៉ុណ្ណោះ លោកអ៊ុយវាំសង់នៅតែបន្តការសាងសង់យា៉ងព្រងើយដដែល ហាក់មិនខ្លាច ញញើតនឹងច្បាប់ឡើយ ព្រោះអាជ្ញាធរបានហាមឃាត់តាំងពីទើបនឹងសាងសង់រហូតដល់ កម្ពស់រាប់ជាន់ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងមក គណៈកម្មការចម្រុះ ដែលដឹកនាំដោយលោកហ៊ុយសារុនអភិបាលរងខណ្ឌជ្រោយចង្វារ បានចុះមកជូនដំណឹងដល់ទីតាំង និងធ្វើកំណត់ហេតុតម្រូវឲ្យម្ចាស់សំណង់ ដែលសង់លយចូលមាត់ទន្លេឱ្យបញ្ឈប់ការសាងសង់និងរុះរើចេញជាច្រើនដង តែម្ចាស់សំណង់មិនបានអនុវត្តតាមនោះទេ ។
នៅក្នុងខ្លឹមសារសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើវិធានការរដ្ឋបាលរុះរើដោយកម្លាំងសមត្ថកិច្ច ហើយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។
មកដល់ពេលនេះម្ចាស់សំណង់នៅតែផ្គើនទៅនឹងអាជ្ញាធរ ហើយរត់រកខ្នងបង្អែកឲ្យជួយអន្តរាគមន៍ទាំងខុសច្បាប់ មិនព្រមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរឡើយ ។
ប្រភពបន្តថា សំណង់ដ៏ធំនេះមិនមានខាងណាហ៊ានអនុញ្ញាតច្បាប់នោះទេ ព្រោះជាដីចំណី ទន្លេជាប់នឹងច្រាំងទន្លេ ជាដីរដ្ឋដីចំណីផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់សោភណភាព សុវត្ថិភាព សណ្តាប់និងសុខដុមនីយកម្មអ្នកជិតខាង ហើយក្បែរស្ថានីយ៍បូមទឹកទៀតផង ។
មហាជនដែលដឹងរឿងនេះពួកគាត់ចាំមើលថា សំណង់មួយនេះ តើអាជ្ញាធរខណ្ឌ ឬអាជ្ញាធរ ក្រុងហ៊ាប៉ះពាល់ដែរឬទេ ព្រោះជូនដំណឹងជាង១ខែមកហើយតែស្ងាត់ជ្រាប ហើយសំណង់នៅតែបង្អួតរូបរាងសង្ហារមើលទៅហាក់ដូចនៅពាក់កណ្តាលទន្លមេគង្គអឹងចឹង ។
មន្ត្រីសាលាខណ្ឌជ្រោយចង្វារម្នាក់ បានមានប្រសាសន៍ សំណង់ធំខ្ពស់យ៉ាងនេះទៅហើយបើឱ្យរុះរើចេញក៏មិនងាយនឹងរុះដែរ យកល្អមានតែដាក់គ្រាប់បែកកម្ទេចទើបស្រួលមិនបាច់រុះ ៕ ដោយ ៖ នរិន្ទ្រ