ភ្នំពេញ៖ គណៈកម្មាធិការចម្រុះរបស់អគ្គិសនីកម្ពុជាមួយក្រុម បានចុះមកធ្វើការត្រួតពិនិត្យកុងទ័រ និងការប្រើប្រាស់ភ្លើងរបស់សិប្បកម្មកាត់ដេរសម្លៀកបំពាក់មួយកន្លែងដែលមានយីហោ ហ្វាន់ ស៊ីវហឺរ ក្រោយពីមានការសង្ស័យថា សិប្បកម្មមួយនេះបានធ្វើការលួចប្តូរកុងទ័រភ្លើងដែលអគ្គិសនីកម្ពុជាបានដាក់ឲ្យប្រើប្រាស់ទៅតាមលក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ និងខុសប្រក្រតីផងដែរនោះ។
ការចុះត្រួតពិនិត្យនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចសិប្បកម្មកាត់ដេរសម្លៀកបំពាក់យីហោ ហ្វាន់ ស៊ីវហឺរ ដែលមានទីតាំងក្នុងដីឡូតិ៍លេខ ៦៤៧ ផ្លូវ៣៧១ ក្រុម១៣ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីមន្ត្រីអគ្គិសនីម្នាក់បានប្រាប់ឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់អគ្គិនីកម្ពុជារកឃើញថា រោងសិប្បកម្មកាត់ដេរសម្លៀកបំពាក់ដែលមានយីហោ ហ្វាន់ ស៊ីវហឺរ ខាងលើមានការប្រើប្រាស់អគ្គិសនីខុសពីប្រក្រតីនោះ ទើបក្នុងថ្ងៃនេះដែរកម្លាំងរបស់លោកបានបង្កើតគណៈកម្មាធិការចម្រុះមួយក្រុម ដោយមានការដឹកនាំដោយលោកមេធាវីម្នាក់ រួមទាំងមន្ត្រីអគ្គិសនីកម្ពុជា និងកម្លាំងអាជ្ញាធរមូលដ្ឋានចូលរួមជាច្រើនរូប និងមានតំណាងរបស់ភាគីសិប្បកម្មកាត់ដេរខាងលើចូលរួមផងដែរ ចុះមកធ្វើការត្រួតពិនិត្យរាល់ការប្រើប្រាស់ប្រព័ន្ធភ្លើងរបស់រដ្ឋចូលទៅខាងក្នុងសិប្បកម្មខាងលើ។ ការត្រួតពិនិត្យសិប្បកម្មកាត់ដេរសម្លៀកបំពាក់ខាងលើនេះដែរ គណៈកម្មាធិការរបស់លោកបានរកឃើញថា ម្ចាស់សិប្បកម្មបានផ្លាស់ប្តូរគម្របប្រអប់អគ្គិសនីដែលមានលេខ ៤០៦ ទៅជាប្រអប់លេខ ២០២ វិញ។ ចំណែកឯការប្រើប្រាស់ និងកុងទ័រភ្លើងវិញមិនទាន់ឃើញថា បែបណាឡើយ ដោយរង់ចាំធ្វើការស៊ើបអង្កេតជាបន្តទៀតសិន។
តែបើយោងតាមប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា មូលហេតុដែលក្រុមអគ្គិសនីកម្ពុជាចុះមកធ្វើការត្រួតពិនិត្យកុងទ័រ និងការប្រើប្រាស់ភ្លើងរបស់សិប្បកាត់ដេរសម្លៀកបំពាក់កាត់ដេរយីហោ ហ្វាន់ ស៊ីវហឺរ ខាងលើនេះ គឺបានធ្វើឡើងក្រោយពីបានដឹងថា ការប្រើប្រាស់ភ្លើងនោះដោយខុសប្រក្រតី ដោយបានលួចប្តូរកុងទ័រភ្លើងរបស់អគ្គិសនីកម្ពុជាដែលបានដាក់ឲ្យប្រើប្រាស់ និងធ្វើឲ្យគីឡូភ្លើងមានការថយចុះផងដែរ មិនតែប៉ុណ្ណោះក៏ប្តូរគម្របប្រអប់ភ្លើងនៅលើបង្គោលភ្លើងផងដែរ។
ពាក់ព័ន្ធទៅនឹងការចុះត្រួតពិនិត្យកុងទ័រ និងការប្រើប្រាស់ភ្លើងខុសប្រក្រតីរបស់សិប្បកម្មកាត់ដេរសម្លៀកបំពាក់យីហោ ហ្វាន់ ស៊ីវហឺ របស់គណៈកម្មាធិការអគ្គិសនីកម្ពុជានេះដែរ ចំពោះលទ្ធផលនៃការត្រួតពិនិត្យនោះ គេនៅមិនទាន់ដឹងច្បាស់ថាទៅជាយ៉ាងណានោះទេ ព្រោះថាចំពោះការត្រួតពិនិត្យខាងលើហាក់បីជាមានការលាក់លៀមយ៉ាងខ្លាំង ចំពោះអ្នកយកព័ត៌មានយើង សង្ស័យថាមានការត្រូវរ៉ូវគ្នារវាងក្រុមគណៈកម្មាធិការនោះ ជាមួយនិងម្ចាស់សិប្បកម្មខាងលើហើយមើលទៅ៕
...
ដោយ៖ តាឡឹម