រថយន្តដឹកខ្សាច់ដាច់កាឡេរអិលថយក្រោយបុករះរថយន្ត២គ្រឿងនៅស្ពានព្រែកសំរោង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងនូវការខូចខាតមួយចំហៀងដោយ សាររថយន្តដឹកខ្សាច់ធន់ធ្ងន់បើកឡើងស្ពានព្រែកសំរោងស្រាប់ តែដាច់កាឡេ ហើយរអិលថយក្រោយបណ្តាលឲ្យបុករះរថយន្តតូច២គ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រែកសំរោងខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

រថយន្តបង្កជាប្រភេទរថយន្តដឹកខ្សាច់ធន់ធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9511ជារបស់ក្រុមហ៊ុនខ្សាច់សុខលី មានទីតាំងនៅចំណុចបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

រថយន្ត២គ្រឿងដែលរងនូវការខូចខាតមាន៖ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2V-3316 ម្ចាស់រថយន្តពាក់ស័ក្តិ៤ ជាមន្ត្រីនគរបាលជាតិបម្រើការនៅសាលាបណ្ឌិតសភានគរបាលជាតិនៅដីឥដ្ឋ និង១គ្រឿងទៀតម៉ាកស្តារ៉ិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2F-3319 ។

លោកវរៈសេនីយ៍ទោឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកខ្សាច់បើកឡើងស្ពានព្រែកសំរោងទិសដៅពីកើតទៅលិច ។ បើកឡើងស្ពានបានប្រហែល៥០ម៉ែត្រស្រាប់តែរថយន្តដាច់កាឡេបណ្តាលឲ្យរអិលថយក្រោយ ភ្លាមៗនោះព្រូបានលោតចុះពីលើរថយន្តយកកំណល់មកកល់ដែរតែកល់មិនជាប់ ដោយឃើញសភាពមិនស្រួលព្រូរថយន្តបានរត់មកស្រែកឲ្យអ្នកដំណើរដែលនៅលើផ្លូវគេចចេញ ចំណែករថយន្តតូច២គ្រឿងបើកគេចមិនទាន់ក៏ត្រូវរថយន្តដឹកខ្សាច់កៀរខ្ទេចមួយចំហៀងតែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្តឡើយ។

លោកអធិការរងបន្តថា បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តដឹកខ្សាច់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ប៉ុន្តែរថយន្តទាំង៣គ្រឿងមិនបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌនោះទេ ដោយសារភាគីទាំង៣សុំសម្របសម្រួលនៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ៕

son4 son7 son2 son3 son6 son5 son1 son

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print