ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៤សែនគ្រាប់ និងអេរ៉ូអ៊ីនចំនួន៦សាក់កាដូ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ធ្វើការរឹបអូសបានពីក្រុមរកស៊ីជួញដូរគ្រឿងញៀន តាមខ្សែ បន្ទាត់ព្រំដែន ថៃ-ភូមា បន្ទាប់ពីមានការផ្ទុះអាវុធតដៃគ្នាអស់រយៈពេលប្រមាណជា១៥នាទី រួចមក ព្រមទាំងបានបាញ់ប្រហារមុខសញ្ញាទាំងនោះស្លាប់អស់៧នាក់។
យោងតាមរបាយការណ៍ទទួលបានគឺហេតុការណ៍នៃកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២ និង៤០ នាទី ថ្ងៃត្រង់ នៅក្នុងវាលស្មៅ និងព្រៃរបោះ មួយកន្លែង តាមខ្សែបន្ទាត់ព្រំដែនភាគខាងជើងនៃប្រទេស ថៃ ភូមា ស្ថិតក្នុងភូមិ១១ ឃុំថាតន ស្រុកម៉ៃអាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺក្រុមទាហានឈុតខ្មៅថៃ ក្នុងវរៈ៣២០៤ បានចេញប្រតិបត្តិការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ព្រោះរយៈកាលកន្លងមក នៅត្រង់ ទីតាំងខាងលើនេះ តែងតែមានមុខសញ្ញារកសុីគ្រភងញៀនធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់ ។ លុះនៅវេលាខាងលើ កំលាំងក៏បានប្រទះឃើញមុខសញ្ញាមួយក្រុម ដោយម្នាក់ៗ មានស្ពាយសាកាដូគ្រប់គ្នា ព្រមទាំងមានអាវុធចាប់ជាមួយផង ។ ដោយមានការសង្ស័យ លោកមេបញ្ជាការបានចាត់កំលាំងអោយចេញស្ទាក់នៅខាងមុខ ដើម្បីឃាត់ខ្លួននិងត្រួត ពិនិត្យទៅលើរបស់របរទាំងនោះ ។ភ្លាមៗនោះដែរ ជនសង្ស័យបានក្រឡេកឃើញសមត្ថកិច្ច ទើបពួកគេបានប្រើប្រាស់ អាវុធបាញ់មកលើក្រុមយោធាឈុតខ្មៅមុនតែម្តង ដែលធ្វើអោយកំលាំងបានធ្វើការបាញ់តប តរហូតសម្រេចជោគជ័យ ដោយមុខសញ្ញាទាំងនោះបានស្លាប់ទាំងអស់សរុប ចំនួន៧នាក់ នៅក្នុងសមរភូមិ ។ ប្រតិបត្តិការនេះ កំលាំងទាហានឈុតខ្មៅថៃ រឹបអូសបានគ្រឿងញៀនប្រភេទយ៉ាម៉ាបានចំនួន ៤សាក់កាដូ ក្នុងនោះមានគ្រឿងញៀនចំនួន៤សែនគ្រាប់ អេរ៉ូអ៊ីនចំនួន៦សាក់កាដូ ព្រមទាំងអាវុធធុនអាកា៤៧ស្វ័យបត់១ដើមផង ។
បច្ចុប្បន្ន ក្រុមទាហានឈុតខ្មៅថៃបានដឹកបញ្ជូនវត្ថុតាងទាំងនេះទៅរៀបចំឯកសារ ដើម្បីប្រគល់ ទៅអោយអង្គភាពជំនាញចាត់វិធានការតាមផ្លូវច្បាប់ ៕ វុធ ឦសាន