ខេត្តបាត់ដំបង៖ មនុស្ស៣នាក់រងរបួសធ្ងន់ ដោយសាររថយន្តក្រុងដឹកអ្នកដំណើរកម្ពុជាអ៊ិចសស្ព្រេសបុកគូចរថយន្តហ៊ីយ៉ានដាយដឹកខ្សាច់ចតចិញ្ចើមផ្លូវកំពុងប្ដូរកង់ បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង៣និង៤៥រំលងអធ្រាត្រថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រុងដឹកអ្នកដំណើរកម្ពុជាអង្គរអ៊ិចស្ព្រេស ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុកទៅបុករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-1182 ខណៈកំពុងប្តូរកង់នៅលើចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តដឹកខ្សាច់រុញទៅបុកដើមឈើ និងរថយន្តក្រុងខូចខាតខាងមុខទាំងស្រុង និងមនុស្ស៣នាក់រងរបួសធ្ងន់ផងដែរ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនាំយកអ្នករងរបួសទាំងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តបង្កទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕