ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ដែលជាទើបនឹងចេញពីគុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលដាក់នៅផ្សារលើ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃរសៀលទី១២ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះអ៊ុំ សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ( ជាមុខសញ្ញាទើបចេញពីពន្ធនាគារ)។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះយ៉ី ហុងលី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ម៉ូតូបានជិះម៉ូតូពីផ្ទះមកផ្សារលើ រួចបានចតម៉ូតូនៅមុខផ្សារ ហើយបានដើរទៅក្នុងបាត់ ក្រោយចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញហើយបានសួរប្រជាពលរដ្ឋនៅទីនោះប្រាប់ថា ឃើញជនសង្ស័យខាងលើបានអូសយកទៅកន្លែងជាងសោរ ពេលនោះសមត្ថកិច្ចតាមទៅដល់កំពុងឲ្យគេធ្វើសោក៏ធ្វើការឃាត់ខ្លួនតែម្តង ។
ជនសង្ស័យទើបចេញពីគុកប្រមាណជា៥ទៅ៦ខែមកហើយ ពេលចេញមកក៏ធ្វើសកម្មភាពលួចបន្តទៀត នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា