ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូរអិលដួលចូលមកកណ្តាលផ្លូវក៏ត្រូវរថយន្តទៅដល់បុកចំពីមុខពេញទំហឹងបណ្តាលអោយម៉ូតូកល់នៅពីក្រោមរថយន្ត កាលពីវេលាម៉ោង៥,៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះសុន សំ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ ៩៣៥៥កណ ។ ចំណែករថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3D-2255 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ចរាចរស្រុកបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញព្រោះប្រញាប់ទៅធ្វើការ ។ ពេលមកដល់កន្លែងកើតហេតុស្រាប់តែក្រឡាច់កង់ជាមួយគែមផ្លូវបណ្តាលអោយដួលទៅកណ្តាលផ្លូវ ។ ពេលដួលហើយជនរងគ្រោះបានងើបលើម៉ូតូរបស់ខ្លួនគ្រានោះស្រាប់តែមានរថយន្តធំមួយគ្រឿងបើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បណ្តាលអោយបុកចំពីមុខពេញទំហឹងខ្ទាត់ជនរងគ្រោះប្រហែល៥ម៉ែត្រចំណែកម៉ូតូគៀបជាប់ក្រោមរថយន្តអូសចំងាយជាង១០ម៉ែត្រ ទើបអ្នកបើកបរឈប់ហើយរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យចំណែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស