ភ្នំពេញ៖ ក្រុមក្មេងស្ទាវៗប្រុសស្រី៦នាក់ដែលតែងតែប្រមូលផ្តុំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមះ(អតីតពេទ្យលោង្ឃ)នោះត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមជាមួយសម្ភារប្រើប្រាស់មួយចំនួន កាលពីម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខតំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលារាជធានីភ្នំពេញ។
តាមប្រសាសន៍លោក សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខ ដែលដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានឲ្យលោកចុះធ្វើរដ្ឋបាលនៅតំបន់ខាងលើនេះឲ្យដូចភ្លៀងរលឹម ព្រោះថាវាជាកន្លែងស្មុកស្មាញក្នុងការបង្ក្រាបប៉ុន្តែទោះជាយ៉ាងណាក្តីលោកនឹងខិតខំឲ្យអស់លទ្ធភាពក្នុងការបង្ក្រាបនេះដោយគោរពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញដែលកន្លងមកលោកបានដាក់បទបញ្ជាឲ្យនគរបាលទាំង១២ខណ្ឌក្នុងរាជធានីត្រូវតែខិតខំបង្ក្រាបឲ្យបានរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ជាពិសេសបទល្មើសគ្រឿងញៀន។
ហើយជាក់ស្តែងដោយមានការបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌបានឲ្យលោកដឹកនាំកម្លាំងចុះបង្ក្រាបក្នុងនោះឃាត់ខ្លួនក្រុមក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបានចំនួន៦នាក់ក្នុងនោះមានស្រីម្នាក់និងដកហូតសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគឺជាតំបន់ប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នាដើម្បីជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនិងធ្វើតេស្តរកសារធាតុញៀននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ដោយ៖ តុង សីហា