ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត អិនហ្គូ កាស្តិន( Ingo Karsten) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងអាល្លឺម៉ង់ នឹងមានការរីកចម្រើន ជាលំដាប់។
សុទិដ្ឋិនិយមបែបនេះ បានលើកឡើងក្នុងឱកាស ដែលសម្តេចប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អិនហ្គូ កាស្តិន នាព្រឹកថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
ប្រទេសកម្ពុជានិងអាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នា តាំងពីចុងទស្សវត្សទី៦០មកម្លេះ។ លោកបណ្ឌិត អិនហ្គូ កាស្តិន បានលើកឡើងថានៅក្នុងបេសកកម្មការទូតរបស់លោក នៅកម្ពុជានាពេលនេះ លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យរឹងមាំឡើងថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានទាំងទំនាក់ទំនងការទូត នយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ផង។
ចំពោះទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទាំងពីរវិញ លោករំពឹងថាក្រុមមិត្តភាពនៃសភាព្រទេសទាំងពីរនឹងបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាបន្ថែមទៀត។ ជាមួយគ្នានេះ លោកបានលើកឡើងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ គណៈប្រតិភូសភា សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ មួយក្រុម ដែលមានសមាសភាពចូលរួម គ្រប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ឯកអគ្គរដ្ឋទូត មានសង្ឃឹមថានៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ និងបានជួបសម្តែងការគួរសម និងសវនការជាមួយសម្តេចប្រធានរដ្ឋសភា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ពីព្រោះថាសម្តេចជាឥស្សរជនសំខាន់នៅកម្ពុជា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជារហូតមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ និងស្វាគមន៍ចំពោះ លោក បណ្ឌិត អិនហ្គូ កាស្តិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានលើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តពង្រឹងពង្រីក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ខ្លាំក្លាទ្វេដងថែមទៀត។
ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុង ការជួយអភិវឌ្ឍន៍សង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ កំណែទម្រង់ដីធ្លី ធនធានមនុស្ស សុខាភិបាល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ជាដើម។
សម្តេចចក្រី ក៏បានលើកឡើងដែរថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងក្រុមមិត្តភាពនៃសភាប្រទេសទាំងពីរកន្លងមក ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការរបស់ខ្លួននៅកម្ពុជា ដែលមានមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ GIZ ជាដើមបានផ្តល់ជំនួយជាបច្ចេកទេសនិងសម្ភារៈក្នុងការពង្រឹងសមត្ថភាពសមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តបន្ទាប់។
ជាចុងបញ្ចប់ ទាំងសម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាងទំនងដ៏ល្អនៃប្រទេសទាំងពីរនិងមានការរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕