ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិស្តីពី “ច្បាប់ដីកសិកម្ម” ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីមន្ត្រី ក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល និងប្រជាកសិករ សរុបប្រមាណ៣០០នាក់ ។
គួរបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីដីកសិកម្មជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជួយផ្តល់មតិយោបល់ និងអនុសាសន៏កែលម្អ ក្នុងន័យស្ថាបនាដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អ ប្រសើរ ដែលអាចធានាដល់ ទី១-គ្រប់គ្រងនិងបង្កើនផលិតភាពដីកសិកម្មដែលមជ្ឈដ្ឋានរស់មិនអាចខ្វះបានក្នុងការប្រកបរបរកសិកម្ម ដើម្បីផលប្រយោជន៏សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ២-ការពារធនធានធម្មជាតិ ព្រមទាំងអភិរក្សជីវចម្រុះ ដែលជាមរតកដ៏សំបូរបែបរបស់ព្រះរាជាណា ចក្រកម្ពុជា។
លោក វេង សាខុន បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឲ្យសេចក្តីព្រាងច្បាប់ដីកសិកម្ម បិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះថាច្បាប់នេះមានវិសាលភាព គ្របដណ្តប់លើការរៀបចំដីកសិកម្មឲ្យមានប្រសិទ្ធភាព ជៀសវាងការកាន់កាប់អនាធិបតេយ្យ មិនមានផែនការ ដាំដុះច្បាស់លាស់ការប្រើប្រាស់ ដីខុសបច្ចេកទេស និងគ្មានគុណភាព ។
លោករដ្ឋមន្រ្តីបន្ថែមទៀតថា លោកជឿជាក់ថា ច្បាប់ដីកសិកម្មនេះ នឹងជាមូលដ្ឋានដ៏ចម្បងក្នុងការរៀបចំផែនការ គ្រប់គ្រង និងអភិវឌ្ឍន៍ដីកសិកម្មទៅតាមតំបន់នីមួយៗបានច្បាស់លាស់ ទៅតាមស្ថានភាពនៃការវិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រជាជន ៕ ជាយក្រុង