ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ យិត សារិត ហៅលោកគ្រូស សាស្ត្រាចារ្យផ្នែកល្ខោនខោលដែលគ្រានេះមានវ័យ៩១ឆ្នាំកំពុងតែមានជំងឺធ្ងន់ធ្ងរ និងត្រូវការជំនួយចាំបាច់ដើម្បីសង្គ្រោះជាវិត។ មរតកមនុស្សរស និងជាឃ្លាំងចំណេះផ្នែកល្ខោនខោលរូបនេះបានលើកដៃដើម្បីសុំជំនួយដើម្បីចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យសុរិននៅប្រទេសថៃ។
ការបន្តស្វែងរកការព្យាបាលបន្តនេះធ្វើឡើងក្រោយពីព្រឹទ្ធាចារ្យល្ខោនខោលរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅផ្ទះក្រោយពីចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតបានមួយសប្តាហ៍។ ដោយក្តីសង្ឃឹមថា ជំងឺនេះនឹងធូស្រាលឡើងវិញក្រុមគ្រួសារមានបំណងបញ្ជូនលោកព្រឹទ្ធាចារ្យចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយនៃខេត្តសុរិនប្រទេសថៃ ប៉ុន្តែដោយសារខ្វះលទ្ធភាពទើបក្រុមគ្រួសារដាច់ចិត្តលើកដៃសុំការសណ្តោសពីសប្បុរសជនដើម្បីបន្តការព្យាបាលនេះ។ កូនប្រុលពៅលោកព្រឹទ្ធាចារ្យ យិត សារិន គឺ យុវជន សារិន វឌ្ឍនៈបានថ្លែងថា ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលពីសប្តាហ៍មុនមកក្រុមគ្រូពេទ្យបញ្ជាក់ថា ឪពុកខ្លួនមានជំងឺក្រិនថ្លើម និងស្វិតសួត ហើយគ្រូពេទ្យក៏មិនមានលទ្ធភាពព្យាបាលបន្តទេមានតែការឲ្យទិញថ្នាំសម្រាប់លេបនៅផ្ទះប៉ុណ្ណោះ។ យុវជនរូបនេះបន្តថា ក្រុមគ្រួសារនៅតែមានសង្ឃឹមថាជំងឺនេះអាចស្រាកស្រានវិញ ហើយចង់បន្តការព្យាបាលនៅមន្ទីរពេទ្យមួយនៃប្រទេសថៃតាមការឲ្យយោបល់ពីក្រុមអតីតសិស្សរបស់លោកព្រឹទ្ធាចារ្យ។ លោកបន្តថា សិស្សទាំងអស់សម្រេចរៃអង្គាសថវិកាមួយចំនួនពីគ្នា និងស្វែងរកថវិកាខ្លះពីសប្បុរសជនដើម្បីរករថយន្តបញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅប្រទេសថៃ ដែលរថយន្តពេលនេះរកបានហើយហើយនឹងចេញដំណើរទៅព្យាបាលនៅប្រទេសថៃនៅល្ងាចថ្ងៃទី២០ខែធ្នូនេះ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភព្រោះតែជំនួយដែលបានមកពីអតីតសិស្សមួយចំនួនមានកំណត់ដែលមិនគ្រប់ទៅនឹងការចំណាយផ្សេងៗបូករួមទាំងបន្តការស្នាក់នៅព្យាបាលរយៈពេលច្រើនថ្ងៃនៅប្រទេសថៃបានគឺមានតែសុំការសណ្តោសប្រណីពីសប្បុរសជនមេត្តាជួយព្រោះក្រុមគ្រួសារលោកខ្វះខាតខ្លាំង។
លោកបញ្ជាក់ដែរថា អាការៈជំងឺរបស់ឪពុកគឺមានការឈឺចុកចាប់ខ្លាំងនៅពេលយប់ត្រង់បរិវេនពោះនិងទ្រូង ហើយឪពុករបស់លោកទទួលទានបានត្រឹមតែទឹកបបរ និងភេសជ្ជៈខ្លះៗប៉ុណ្ណោះ។ លោកនៅតែរំពឹងដែរថា សប្បុរសជននឹងបន្តជួយសង្គ្រោះជីវិតឪពុករបស់ខ្លួនព្រោះតែបំណងសំខាន់របស់ឪពុករបស់ខ្លួនចុងក្រោយគឺចង់ឲ្យអង្គការយូណេស្កូទទួលស្គាល់និងដាក់ល្ខោនខោលខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះមិនទាន់បានសម្រេចនៅឡើយ។
គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យយិត សារិន ហៅលោកគ្រូស មានវ័យ៩១ឆ្នាំ។ លោក បានចាប់ផ្តើមហ្វឹកហាត់ជំនាញល្ខោនខោចចាប់តាំងពីវ័យ៧ឆ្នាំមកម្ល៉េះ ហើយបើទោះបីជាធ្លាប់ឆ្លងកាត់របបច្រើនសម័យកាលក្តីក៏លោកព្រឹទ្ធាចារ្យ មិនដែលចាប់របរអ្វីផ្សេងក្រៅពីរបរជាអ្នកសិល្បៈនេះទេ។ លោកធ្លាប់បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍តូចធំជាច្រើនរាប់មិនអស់ បូករួមទាំងការសម្តែងនៅក្នុងព្រះរាជវាំងរបស់ព្រះរាជាខ្មែរផងដែរ ហើយក៏ធ្លាប់ទទួលបានបណ្ណសរសើរ មេដាយ គ្រឿងឥស្សរយយសជាច្រើនរាប់មិនអស់ពីព្រះមហាក្សត្រ ប្រមុខដឹកនាំរដ្ឋាភិបាលផងដែរ។ ដ្បិតតែលោកព្រឹទ្ធាចារ្យ យិត សារិន មានផ្ទះរស់នៅ និងមានប្រាក់ខែជាមន្ត្រីជាប់កិច្ចសន្យាក្ដី ប៉ុន្តែបញ្ជាក់ពីជីវភាពរស់នៅប្រចាំថ្ងៃលោកបានប្រាប់ថា មានការខ្វះខាតខ្លាំង ព្រោះប្រាក់បៀវត្សរ៍មិនអាចទប់នឹងការចំណាយបាន ព្រោះពេលនេះក្រៅពីចំណាយលើការហូបចុកប្រចាំថ្ងៃលោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ដែលត្រូវព្យាបាលប្រចាំ ៕
ដោយ៖ វឌ្ឍនា