ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត១គ្រឿងមិនចាំម៉ាកបើកមកបុកយ៉ាងពេញទំហឹងរួចបើកគេចខ្លួនបាត់ស្រមោលបន្សល់ទុកជនរងគ្រោះនៅដេលដួលលើផ្លូវ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ សុខ អាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅម្តុំផ្សារដើមអម្ពិល ភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីអ្នកឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1F-2231 តាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងមិនចាំម៉ាកដែលគេសង្ស័យថាម៉ាកហាយឡែនឌ័រ បើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនហើងក៏រេចង្កូតទៅបុកនិងម៉ូតូខាងលើពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតហើយរថយន្តនោះបានធ្លាក់កាង និងកញ្ចក់នៅនិងកន្លែងកើតហេតុផងដែរ បន្ទាប់មករថយន្តបង្កបានបើករត់បាត់ស្រមោល។
ក្រោយកើតហេតុក៏មាននគរបាលផ្នែកចរាចរខណ្ឌសែនសុខចុះមកដល់ហើយបានទាក់ទងហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យសែនសុខ(IU)។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំបងប្អូនជនរងគ្រោះមកយកទៅវិញ៕
ដោយ៖ តុង សីហា