ជិះម៉ូតូលឿនដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលបុករថយន្តពេញទំហឹង រងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ទៅបុករថយន្តហាយឡែនឌ័រចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ទាំង២នាក់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងវិមានឯករាជ្យប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តរងគ្រោះម៉ាកហាយឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ.8275 បានបើកបរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បួងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានយុវជនប្រុសស្រី២នាក់ ដែលមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FJ.2398 បានឌុបគ្នាមកពីផ្លូវសុរាម្រឹត ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ហើយមកដល់ចំណុចផ្លូវកោងមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រដែលបើកបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនប្រុសស្រីខាងម៉ូតូបង្កទាំងពីររងរបួសធ្ងន់ ។ ចំណែកម៉ូតូបង្ក និងរថយន្តរងគ្រោះបានរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ យុវជនប្រុសស្រីទាំងពីរនាក់ ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យឯកជនសង្គ្រោះភ្លាមៗ ។ ក្រោយមកសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធីនៃច្បាប់ ៕

highlander-3 highlander-4 highlander-5 highlander-1 highlander-2

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print