ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កោះដាច់ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភក្មេងស្រីជាអនីតិជនបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៤ដង ។ ហេតុការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ក្រោយពេលសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងរបស់ស្រ្តីជាម្តាយក្មេងស្រី។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ស៊ឹម ម៉ុក អាយុ៣៣ឆ្នាំ មុខរបរជាអ្នកនេសាទ ដែលមានទាំងប្រពន្ធនិ ងកូនថែមទៀតផង។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ថ.ស.ធ.រ អាយុ១១ឆ្នាំ ជាក្មេងកំព្រា ឪពុក ដោយស្នាក់នៅជាម្ដាយឈ្មោះ ស.ធ.រ អាយុ៣២ឆ្នាំ មុខរបរជាកសិករ ។
ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់បានឃើញកូនស្រីរបស់ខ្លួន មានអាការៈស្លេកស្លាំងយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទើបសួរនាំខ្លាវកូនឈឺថ្កាត់ ស្រាប់តែបែកធ្លាយរឿង បុរសជាប្អូនថ្លៃនិងត្រូវជាពូ ដែលមានប្រពន្ធកូនហើយនោះ បានបង្ខំរំលោភលើរូបនាងបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៤ដង ហើយស្ត្រីជាម្ដាយក៏សម្រេចចិត្តប្ដឹងទៅ នគរបាលមូលដ្ឋានប៉ុស្ដិ៍កោះដាច់ខណ្ឌជ្រោយចង្វា ឲ្យជួយអន្តរាគមន៍ រហូតឈានទៅឃាត់ខ្លួនបុរសជាពូ ដែលល្មោភកាមសូម្បីក្មួយស្រីខ្លួនឯងអាយុទើបតែ១១ឆ្នាំក៏មិនលើកលែង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ