ភ្នំពេញ៖ តារាសម្តែង និងពិធីករ ហេង ពីសិដ្ឋ នឹងចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ខែមករាខាងមុខនេះ។ ភ្ញៀវប្រមាណជិត១ពាន់នាក់នឹងត្រូវ ចូលរួមពិធីមង្គលការមួយនេះប៉ុន្តែមិនមានអ្នកសិល្បៈច្រើនទេដែលត្រូវបានអញ្ជើញព្រោះតែទីកន្លែងដែលត្រូវជួលទទួលភ្ញៀវមានចំនួនកំណត់។
តារាចម្រៀង និងសម្តែង លោក ហេង ពិសិដ្ឋលើកឡើងថា លោកបានសម្រេចចិត្តចូលរោងការជាមួយកញ្ញា ណយ ម៉េងចាន់លាភ ដែលមានវ័យ២៣ឆ្នាំ ក្រោយស្វែងយល់ចិត្តគ្នាជាយូរមកហើយ និងបន្ទាប់ពីមានការណែនាំពីចាស់ៗ។ លោកថាកម្មវិធីមង្គលការលោកនឹងរៀបចំធ្វើឡើងនៅកោះពេជ្រតែម្តងចាប់តាំងពីពិធីហែរកំណត់រហូតដល់ទទួលបដិសណ្ឋារកិច្ចភ្ញៀវនារសៀលថ្ងៃដដែលនោះ។ លោកថា នឹងមិនមានអ្នកសិល្បៈច្រើនចូលរួមដូចកម្មវិធីសិល្បៈដទៃទេខណៈដែលភ្ញៀវខាងម្តាយក្មេកមានចំនួនច្រើនលើសលប់ ប៉ុន្តែលោកនឹងរៀបនឹងរៀបចំកម្មវិធីខួបគម្រប់អាពាហ៍ពិពាហ៍មួយនៅឆ្នាំក្រោយប្រសិនបើឱកាសល្អ។ ក្រោយរៀបការលោកនិងភរិយា នឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ។
តារាសម្តែងវ័យ២៨ឆ្នាំរូបនេះលើកឡើងដែរថា ការងារជាអ្នកគ្រប់គ្រងទូទៅនៅហាងការ៉េម TOTOគឺលោកនៅតែបន្តធ្វើដដែលហើយសម្រាប់ការងារសិល្បៈក៏លោកមិនបញ្ចប់ដែរ ហើយក្រោយពេលរៀបការលោកនឹងចូលថតខ្សែភាពយន្តថ្មីមួយផងដែរ ។ លោកក៏នៅតែបន្តការងារជាពិធីករ និងច្រៀងនៅកម្មវិធីនានាដែរ ប្រសិនបើឱកាសហុចឲ្យ ពិសេសលោកមានគម្រោងចង់ផលិតកម្មវិធីសម្រាប់ចាក់ផ្សាយលើស្ថានីយទូរទស្សន៍ផងដែរ។
ក្រោយរៀបការសិល្បករដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីបរទេសរូបនេះគ្រោងនឹងបើកមុខជំនួញថ្មីរបស់ខ្លួនផងដែរគឺគម្រោងបើកភោជនីយដ្ឋាននៅផ្សារទំនើបដែលគ្រោងសហការជាមួយនឹងអ្នកជំនាញផ្នែកម្ហូបអាហារមកពីប្រទេសម៉ាឡេស៊ីដែលជំនាញលើម្ហូបអាស៊ីនោះដោយនឹងទុកមុខជំនួញនេះឲ្យភរិយាជាអ្នកជួយមើលការខុសត្រូវ។ លោករំពឹងទុកដែរថា ក្រោយរៀបការលោកនឹងបំពេញកតព្វកិច្ចជាស្វាមីដ៏ល្អ និងអាចស្វែងរកសុភមង្គលសម្រាប់គ្រួសារមួយបានល្អប្រសើរ៕
ដោយ៖ វឌ្ឍនា