ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញារក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីជួញដូរបាន២នាក់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចគល់ស្ពានព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ និងម៉ូតូមួយគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមណីតិវិធីច្បាប់ ។
លោកអនុសេនីយ៍ឯក ពុយ ទ្រី នាយប៉ុស្តិ៍នគរបារដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ផល សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ស្រន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនល្មើសទាំង២នាក់មានទីលំនៅក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ។ ក្នុងប្រតិបត្តការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាកកកចំនួន០២កញ្ចប់ និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1O-7919 ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងការណែនាំពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក ស្អាង ក្នុងនាមលោកជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា តែងតែដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍ចេញល្បាតតាមគោលដៅងាយរងគ្រោះជារៀងរាល់យប់និងពេលថ្ងៃ ។ នៅវេលារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លោកបានដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍ចេញល្បាតតាមបណ្តោយផ្លូជាតិលេខ១១០ ខណៈល្បាតដល់ចំណុចគល់ស្ពានព្រែកឃ្លោកក៏ប្រទះឃើញជនល្មើសទាំង២នាក់កំពុងជិះម៉ូតូ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនល្មើសឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងជាក់ស្តែងចាប់ខ្លួន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ