ភ្នំពេញ៖ ខ្សែភាពយន្តភាគល្បីឈ្មោះរបស់ថៃគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង”ផ្កាយព្រឹក” ដែលក្រុមផលិតករថៃបានយកមកផលិតជាថ្មីដោយឲ្យតារាសម្តែងខ្មែរជាអ្នកសម្តែង នៅតែបន្តការផលិតរបស់ខ្លួនជាធម្មតា បើទោះបីជាលេចចេញការរិះគន់ខ្លាំងក៏ដោយ។
អស់រយៈពេលជាងមួយខែពេញហើយដែលខ្សែភាពយន្តខាងលើចាប់ផ្តើមផលិត។ តារាសម្តែងក្នុងខ្សែភាពយន្តនេះប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ខ្សែភាពយន្តនេះមិនបានផ្អាកការផលិតទេបើទោះបីជាកន្លងមកលេចចេញការរិះគន់ជាហូរហែរមកក៏ដោយ។ ប្រភពបន្តថា ភាពយន្តនេះផលិតបានប្រមាណជាង២០ភាគរយហើយក្នុងគម្រោងប្រមាណ៥០ភាគនោះ។ មានការលើកឡើងដែរថា តាមគម្រោងខ្សែភាពយន្តនេះនឹងបញ្ចប់ការផលិតរបស់ខ្លួនក្នុងអំឡុងខែមិនា ឬ មេសា ឆ្នាំ២០១៧ ហើយគ្រោងនឹងចាក់បញ្ចាំងក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៧។
ថ្មីៗនេះមានពាក្យរិះគន់ជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់ក្រោយពីផលិតករថៃប្រកាសយកខ្សែភាពយន្តភាគថៃដ៏ល្បីក្នុងទសវត្សទី៩០ខាងលើមកថតសាឡើងវិញដោយតម្រូវឲ្យសិល្បករខ្មែរសម្តែង។ ការរិះគន់ក៏ព្រោះតែកន្លងមកតួឯកក្នុងខ្សែភាពយន្តនេះគឺនាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )(ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក) បាននិយាយថា ប្រាសាទអង្គវត្តគឺជារបស់ជនជាតិនាង ។ ការលើកឡើងកាលពីអំឡុងឆ្នាំ២០០៣នេះត្រូវបានគេចាំបានដែរថា មានប្រតិកម្មធ្ងន់ៗពីប្រមុខថ្នាក់ដឹកនាំកម្ពុជា និងលេចចេញការតវ៉ានិងផ្ទុះចេញជាបាតុកម្មរហូតធ្វើឲ្យមានការវាយកម្ទេចហាងទំនិញ ក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ផង ធ្វើឲ្យខូចខាតសរុបជាទឹកប្រាក់ជាង៥០លានដុល្លារអាមេរិក ។
មានអ្នករិះគន់ជាច្រើនលើកឡើងថា មានរឿងជាច្រើនដែលខ្មែរអាចនិពន្ធ និងផលិតបាន មានគុណភាពខ្ពស់ផងដែរ គឺមិនចាំបាច់យកខ្សែភាពយន្តបរទេសមកផលិតលំនាំតាមនោះដែរ។ ក្រៅពីការនិពន្ធរឿងថ្មីជាច្រើននោះខ្មែរក៏មានរឿងចាស់ជាច្រើនដែលមានគុណតម្លៃនៃការអប់រំជាច្រើនយកមកផលិតជាខ្សែភាពយន្តថ្មីឡើងវិញបានផងដែរ។ ក្រៅពីការរិះគន់ខាងលើមតិប្រជាពលរដ្ឋជាច្រើនបានស្នើឲ្យក្រសួងពាក់ព័ន្ធពិសេសសក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេតាជួយត្រួតពិនិត្យលើបញ្ហាខាងលើ។
គេចាំបានថា កុប្បកម្ម ផ្ទុះឡើងកាលពីចុងខែ មករាឆ្នាំ ២០០៣ នាង ស៊ូវ៉ាន់ណន្ត គង់់យីង( Suvanant Kongying )(ទស្សនិកជនខ្មែរហៅក្រៅថា នាងផ្កាយព្រឹក) បាននិយាយថា ប្រាសាទអង្គវត្តគឺជារបស់ជនជាតិនាង។ ពាក្យសម្តីនេះបានលេចចេញ ប្រតិកម្មខ្លាំងៗពីប្រជាជនខ្មែរដែលគ្រានោះសម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍លើកឡើងថា “តំលៃរបស់នាងនោះ មិនស្មើស្លឹកស្មៅ ក្បែរអង្គរផង”។ ក្រោយការលើកឡើងរបស់តារាថៃនេះដែររដ្ឋាភិបាលកម្ពុជាបានហាមចាក់ផ្សាយ គ្រប់ភាពយន្តសៀម នៅស្ថានីយទូរទស្សន៍ ទូទាំងប្រទេសកម្ពុជា។ កុប្បកម្មប្រឆាំងស្ថានទូតសៀមបានកើតឡើងនៅថ្ងៃ ២៩ មករា ២០០៣ ដោយកុប្បករ បានលុកចូល ស្ថានទូតសៀម និងវាយបំផ្លាញ អគារពាណិជថៃមួយចំនួន នៅភ្នំពេញដែលបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ៕
ដោយ៖ វឌ្ឍនា