ភ្នំពេញ៖ ភាពយន្តខ្មែរនិងបរទេសល្បីឈ្មោះដែលអាចរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន(Legend)ចំនួន១១រឿង មកពីផលិតកម្មផ្សេងៗពីគ្នាបានដាក់ឲ្យធ្វើការបោះឆ្នោត និងជ្រើសរើសឲ្យចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦(Movies of The Years 2016) ។ ឆ្លងកាត់ការបោះឆ្នោតដោយមហាជនខ្សែភាពយន្តខ្មែរល្បីឈ្មោះគឺរឿង”កំណត់ហេតុនាងនាថ”ទទួលបានការគាំទ្រច្រើនបន្តបន្ទាប់លើពានរង្វាន់ពីរផ្សេងពីគ្នាគឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ២០១៦។
ក្រៅពីធ្វើឲ្យកក្រើកអស់អ្នកចូលរួមទស្សនាគ្រប់ខេត្តរាជធានីមក រឿង”កំណត់ហេតុនាថ”បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីភាពយន្តនេះទទួលបានការបោះឆ្នោតឲ្យក្លាយជាភាពយន្តល្អប្រចាំឆ្នាំ២០១៦នេះផងដែរ
បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្ត លេជេន កញ្ញា គុយ កែវមរកត បាន បញ្ជាក់ថាពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ២០១៦ ត្រូវបានធ្វើការជ្រើសរើសតែភាពយន្តខ្មែរចំនួន៧រឿងដែលទទួលបានប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន មកដាក់ឲ្យធ្វើការបោះឆ្នោត ដោយតម្រូវឲ្យមហាជនបំពេញឈ្មោះអ៊ីម៉ែន និងលេខទូរស័ព្ទមុនធ្វើការបោះឆ្នោតនៅលើគេហទំព័ររបស់រោងភាពយន្តដើម្បីប្រាកដថាអ្នកបោះឆ្នោមម្នាក់មិនអាចបោះបានចំនួនលើលសពី១ដងទេ។ ឆ្លងតាមការបោះឆ្នោតរយៈពេល២ថ្ងៃសំលេងបោះឆ្នោតសរុបទាំងអស់ដែលទទួលបានមានចំនួន ១០២០សំឡេង ក្នុងនោះ រឿងកំណត់ហេតុនាងនាថ មានចំនួន ៣២៥ សំឡេង ។ ព្រឹត្តិការណ៍បន្ទាប់គឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ដោយមានភាពយន្តខ្មែរ និងបរទេសល្បីៗប្រចាំឆ្នាំចំនួន១១រឿងត្រូវបានដាក់ឲ្យធ្វើការបោះឆ្នោតម្តងទៀតម្ចាស់ពានរង្វាន់ខ្សែភាពយន្តដ៏ល្អបំផុតក្នុងចំណោមខ្សែភាពយន្តទាំង១១ប្រចាំឆ្នាំ២០១៦ នៅរោងភាពយន្តលេជេន បានទៅលើ រឿង”កំណត់ហេតុនាងនាថ” ដែលទទួលបានសំឡេងបោះឆ្នោតចំនួន ១៥៥សំឡេង នៃចំនួនបោះឆ្នោតសរុប ៥៩៤ សំឡេង ។ រឿង “កំណត់ហេតុនាងនាថ”ក៏ នឹងត្រូវយកមកចាក់បញ្ចាំងម្តងទៀតនៅក្នុងកម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្តលេជេនទួលគោក ។
អ្នកស្រីចាន់ណា សុខឃីម បានបញ្ជាក់ថា វាកឺជាមោទនភាពសម្រាប់ផលិតកម្ម ផលិតកករ និងសិល្បករក្រោយពីអ្នកទាំងអស់គ្នាបានរួមគ្នាផលិតខ្សែភាពយន្តដែលល្អនិងជាទីចាប់អារម្មណ៍របស់បមហាជន។ អ្នកស្រីបញ្ជាក់ថា ពួកយើងស្ទើរស្រក់ទឹកភ្នែកគ្រាដែលទទួលបានដំណឹងថាយើងទទួលបានពានរង្វាន់ដល់ទៅ២ បើទោះបីជារឿង”កំណត់ហេតុនាងនាថ”គឺជារឿងលើកដំបូងរបស់ផលិតកម្មឥន្ទ្រានិម្មិតក៏ដោយ។ អ្នកស្រីលើកឡើងដែរថា ការខិតខំប្រឹងប្រែងតស៊ួរបស់ផលិតករ និងសិល្បករពិតជាមិនអត់ប្រយោជន៍ ហើយអ្វីដែលអ្នកស្រី ក្រុមការងារផលិតកម្ម និងសិល្បករទទួលបានគឺដោយសារការចូលរួមគាំទ្ររបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ហើយអ្នកស្រីពិតជាអរគុណសម្រាប់ទឹកចិត្តគាំទ្រមួយនេះ។ អ្នកស្រីសន្យាដែរថានឹងបន្តផលិតខ្សែភាពយន្តដែលមានគុណភាព និងជាចំណីអារម្មណ៍ប្លែកសម្រាប់ទស្សនិកជនផងដែរ។
គួរបញ្ជាក់ដែរថាភាពយន្តដែលនាំចូលនិងផលិតដោយ ក្រុមហ៊ុន និងផលិតកម្មចំនួន ១១រឿងដែលទទួលបានការគាំទ្រច្រើននិងដាក់ឲ្យធ្វើការបោះឆ្នោតមានដូចជាខ្សែភាពយន្តរឿង “អ្នកនាងម្ចាស់ឡឺកឺ” របស់ផលិតកម្ម មហាហង្ស, ខ្សែភាពយន្តរឿង ចន្ទ្រា របស់ផលិតកម្ម អង្គរភីឈ័រ, ខ្សែភាពយន្តរឿង “សិស្សប្អូនសំណព្វចិត្ត”របស់ផលិតកម្មរ៉ក (Rock) , ខ្សែភាពយន្តរឿង”កំពូលអ្នកសុំទានជួបស្នេហ៍”របស់ផលិតកម្ម អិលឌី (LD Picture), ខ្សែភាពយន្តរឿង ទង់ព្រលឹង របស់ផលិតកម្មរ៉េដ (RED Picture) , ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”របស់ផលិតកម្មឥន្ទ្រានិម្មិត, ខ្សែភាពយន្តរឿង”Joking Jazz 4G”, ខ្សែភាពយន្តរឿង” ប៉ុបពីទៅហូលីវូដ”, រឿង”Fast 888”របស់ក្រុមហ៊ុនសប្បាយ( Sabay MVP), “Captain America”, “The Conjuring 2”របស់ ក្រុមហ៊ុនវេសស្តេក(WML) ៕
ដោយ៖ វឌ្ឍនា



































