ខេត្តរតនគិរី៖ រថយន្តដឹកឈើប្រណិត១គ្រឿងត្រូវបានបង្ក្រាបពីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងឆ្មក់ចាប់បាន កាលពីវេលាម៉ោង១និង៣៤នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងដែលចុះបង្ក្រាបនោះបានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជារថយន្តប្រភេទឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2T-4329 ដឹកឈើប្រណិតពេញក្នុងរថយន្តចេញពីស្រុកវើុនសៃតាមដងផ្លូវលំមួយខ្សែឆ្លងកាត់ស្រុកអូរជុំបម្រុងចូលទៅក្នុងខេត្ត រួចក៏ដេញស្ទាក់ចាប់បានតែម្តង រីឯតៃកុងបានចុះរត់គេចខ្លួនភ្លាមៗផងដែរ។
ចំណែកឈើមានចំនួនប៉ុន្មាននោះនៅមិនទាន់ដឹងនៅឡើយទេ រងចាំជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើរបាយការណ៍សិន។
បច្ចុប្បន្ន រថយន្តដឹកបទល្មើសជាវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចមេព្រៃកណ្តាលរបស់ក្រសួងបានបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា រថយន្តខាងលើនេះមិនបានបង់លុយឲ្យគេទើបធ្វើការបង្ក្រាបបង្អួតយកស្នាដៃឲ្យថ្នាក់លើតែប៉ុណ្ណោះ ៕
ដោយ៖ វុទ្ធ ឦសាន

















