សួង សុខារ៉ានីត ប្រកាសមិនទទួលថតភាពយន្តចម្លងពីថៃ

ចែករំលែក៖

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជាលើកដំបូងសម្រាប់តារាសម្តែងក្នុងស្រុកដែលហ៊ានចេញមុខប្រកាសមិនទទួលថតខ្សែភាពយន្តដែលចម្លងមកពីប្រទេសថៃមកឲ្យតារាសម្តែងខ្មែរថតឡើងវិញ។ សួង សុខារ៉ានីតថា ការចំណាយថវិកាតិចនឹងធ្វើឲ្យខ្សែភាពយន្តដែលតារាខ្មែរចូលរួមសម្តែងនឹងនាំឲ្យកាន់តែមើលឃើញពីភាពកម្សោយនៃគុណភាពខ្សែភាពយន្តខ្មែរ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយមានការរិះគន់មួយចំនូនទាក់ទងនឹងការដែលឲ្យអ្នកដឹកនាំសម្តែងមកពីប្រទេសថៃយកខ្សែភាពយន្តដែលថៃថតនិងដាក់បញ្ចាំងចប់មកផលិតសារជាថ្មីដោយតម្រូវឲ្យតារាខ្មែរសម្តែងត្រាប់តាមឡើងវិញនោះ។

កញ្ញា សួង សុខារ៉ានីត លើកឡើងគ្រាដែលនាងចូលរួមកម្មវិធីសម្ពោធភាពយន្តខ្មែររឿង”សួរស្តីលោកគ្រូកំឡោះ” ថា បន្ទាប់ពីចុះថតផ្ទាល់នាងបានដឹងថា ភាពយន្តដែលយកមកឲ្យសិល្បករខ្មែរថតឡើងវិញគឺមិនមានគុណភាពគ្រប់គ្រាន់ព្រោះតែការចំណាយមានទំហំតិចតួច។ នាងថា កាលណាផលិតករចំណាយច្រើននឹងនាំឲ្យរឿងនោះខាត ប៉ុន្តែបើចំណាយតិចនាំឲ្យរឿងនោះស្ទើរមិនដល់ការសម្តែងរបស់តារាថៃ ហើយនឹងនាំឲ្យគេយល់ថា តារាខ្មែរលេងមិនដល់តារាថៃ។ កញ្ញាបន្តថា “យើងយករឿងល្បីខ្លាំងរបស់គេមកថតប៉ុន្តែធ្វើមិនដល់គេនោះនឹងនាំឲ្យមានការមាក់ងាយមួយ”។ ទោះជាយ៉ាងណា នាងស្នើមិនបញ្ចេញឈ្មោះស្ថានីយទូរទស្សន៍និងចំណងជើងនៃខ្សែភាពយន្តថៃទាំងនោះជៀសវាងការថ្នាំងថ្នាក់រវាងផលិតករ និងតារាសម្តែង។ នាងមិនបានស្នើឲ្យសិល្បករទាំងអស់ផ្អាកការសម្តែងឲ្យស្ថានីយទូរទស្សន៍នោះទេ ប៉ុន្តែសម្រាប់នាងគឺសុំមិនទទួលថតបើទោះបីជាស្ថិតក្នុងកាលទេសៈណាក៏ដោយ។

ទោះជាយ៉ាងណាគេដឹងថា តារាស្រីវ័យ២៧ឆ្នាំរូបនេះទើបនឹងបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង ”ហង្សបាក់ស្លាប” ដែលជាខ្សែភាពយន្តល្បីឈ្មោះរបស់ថៃ ហើយត្រូវបានសម្តែងឡើងវិញដោយតារាខ្មែរ។ ការថតខ្សែភាពយន្តមួយនេះត្រូវបានគេដឹងថា នាងអាចវាស់ស្ទង់ដឹងពីគុណភាពនៃការសម្តែងខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តថៃព្រោះតែខ្សែភាពយន្តភាគដែលផលិតនៅកម្ពុជាត្រូវបានគេដឹងថា ចំណាយជាមធ្យមប្រមាណ២ពាន់ដុល្លារអាមេរិកក្នុងមួយភាគ ខណៈដែលខ្សែភាពយន្តថៃអស់រាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគនោះ។

គេចាំបានថា កន្លងមកថ្មីៗនេះគឺលេចចេញការប្រតិកម្មមួយចំនួនពីទស្សនិកជន បន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានយកសាច់រឿងរបស់ខ្សែភាពយន្តល្បីល្បាញរបស់ថៃមួយចំនួនមកផលិតសាជាថ្មដោយតម្រូវឲ្យតារាសម្តែងខ្មែរសម្តែងឡើងវិញ។ ភាពយន្តទាំងនោះមានដូចជារឿង”កូនក្រមុំលោកមេឃុំ” រឿង”ហង្សបាក់ស្លាប” ហើយរឿងដែលមានការប្រតិកម្មខ្លាំងនោះគឺរឿង”ចន្ទវង្វេងមេឃ” ឬរឿង”នាងផ្កាយព្រឹក” ៕

yn9a3516 yn9a3519 img_0330 img_2579

ដោយ៖ វឌ្ឍនា

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print