ខេត្តព្រះសីហនុ៖ លោក វ៉ាត់ ចំរើន អគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការប្រព្រឹត្ត ទៅនៃការ ប្រកួត និងសម្តែងកីឡាទាំង១២ប្រភេទ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៥ជុំទី២រយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងទទួលបានអ្នក ទស្សនាតាមវិញ្ញាសាកីឡានីមួយៗយ៉ាងច្រើនគូរឲ្យកត់សម្គាល់។
លោកវ៉ាត់ ចំរើន ឲ្យដឹងទៀតថា ការទទួល បាននូវការគាំទ្រច្រើនពីសំណាក់ទស្សនិកជនច្រើនដោយសារតែគណៈកម្មការបច្ចេក ទេស បានរៀបចំតាមលក្ខណៈបច្ចេកទេស ដូចជាប្រណាំងកង់វិលជុំការប្រកួតកីឡា M M A កីឡាJIU JITSU កីឡារត់ប្រណាំង បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប្រណាំងម៉ូតូទឹក កីឡាហោះហើរ កីឡាទូក ក្តោង ប្រដាល់ក្បាច់គុនបុរាណខ្មែរ កីឡាយុទ្ធសិល្ប៍ គុនល្បុក្តតោ ចំបាប់ បុរាណ និងតេក្វាន់ដូ ។ ទន្ទឹមនឹងទទួលបាន ជោគជ័យខាងលើនេះ ដោយមានកិច្ច សហការល្អពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ជួយបង្កលក្ខណៈងាយស្រួលដល់កម្មវិធីប្រកួតកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីបំផុសនិងជំរុញឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈ សកម្មភាពនានាក្នុងពិធីបុណ្យធំៗដូចជាពេលនេះ។ ជាមួយនិងភាពជោគជ័យលើសកម្មភាពកីឡាក្នុងពិធីបុណ្យខាងលើនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថាពិធីបុណ្យសមុទ្រលើកទី៥នៅខេត្តព្រះសីហនុ២ថ្ងៃកន្លង មកមានលក្ខណៈល្អប្រសើរគ្រប់ផ្នែកពាក់ព័ន្ធទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិផ្នែកឯកជននិងបងប្អូនប្រជាពលរដ្ឋដែលបានរួមសហការគ្នាបានយ៉ាងល្អប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះសកម្ម ភាពកីឡា និងការតាំងពិព័រណ៍ក៏មានមនុស្ស ចូលរួមទស្សនាច្រើនទាំងពេលយប់ និង ថ្ងៃ។ ដោយឡែករាត្រីបង្ហើយនៃពិធីបុណ្យនេះមនុស្សចូលរួមទស្សនាការសម្តែង សិល្បៈ របាំ ចម្រៀងខ្មែរ និងបរទេស ប្រមាណជាង២០ម៉ឺននាក់ ។ សរុបរយៈ ពេលទាំង៣ថ្ងៃមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអន្តរជាតិប្រមាណជា៥០ម៉ឺននាក់បានមកចូលរួមទស្សនាបុណ្យសមុទ្រនេះ៕
ដោយ៖ សារីម