ភ្នំពេញ៖ លោកឧកញ៉ា រត្ន័ សាខន ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបោះឆ្នោតជាប់ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ាន។ លោកឧកញ៉ាមាន គម្រោងស្នើសុំធ្វើម្ចាស់ផ្ទះក្នុងការប្រកួត កីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ខាងមុខដើម្បីបង្ហាញថាកម្ពុជាក៏មានសក្តានុពលគ្រប់គ្រាន់លើវិស័យកីឡាមួយនេះដែរ ។
លោកឧកញ៉ា រ័ត្ន សាខន បានបញ្ជាក់ ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកដែលគ្រោងស្នើសុំធ្វើជា ម្ចាស់ផ្ទះនេះជាគម្រោងមួយជាក់លាក់ពិតប្រាកដមិនមែនជាគម្រោងលេងសើច នោះទេ ពោលគឺកម្ពុជាចង់បង្ហាញថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនិងរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាធំៗដូចប្រទេសដទៀតដែរ ។
លោកប្រធានសហព័ន្ធបានបង្ហើបថា ចំពោះសមត្ថភាពវិញកម្ពុជាយើងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្តើមយកមេដាយពីការប្រកួតនេះ ពីព្រោះកន្លងមកកម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស មេដាយប្រាក់និងមេដាយសំរឹទ្ធិជាច្រើនគ្រឿងពីការប្រកួតថ្នាក់តំបន់ដូចជាការ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ការប្រកួតជើងឯកឆ្នេរខ្សាច់អាស៊ីអាគ្នេយ៍និងការប្រកួតជើងឯកពិភាពលោក។ លោកបន្ថែមថា ការ ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯក ពិភពលោកត្រូវបានរៀបចំនៅប្រទេសវៀតណាមជាច្រើនដងរួចមកហើយដោយឡែកកម្ពុជាមិនធ្លាប់រៀបចំនោះទេ ។ ដូច្នេះកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះគឺប្រទេសសមាជិកទាំងអស់ប្រាកដជាគាំទ្រចំពោះការស្នើសុំនេះ វានឹងផ្តល់ឱកាសឲ្យពួកគេបានស្គាល់ពី ប្រទេសកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា កីឡាវ៉ូវីណាមក៏ជាប្រភេទកីឡាមួយដែលដណ្តើមបានមេដាយ ច្រើនពីការប្រកួតថ្នាក់តំបន់ និងពិភពលោកគឺជាកីឡាមួយប្រភេទមានប្រភពដើម ចេញពីប្រទេសវៀតណាម ។ បច្ចុប្បន្ន កីឡាវ៉ូវីណាមកម្ពុជាធ្លាប់ដណ្តើមបាន មេដាយមាសពិភពលោកដោយកីឡាករ សែន រ៉ាឌី កាលពីពេលថ្មីៗកន្លងទៅ ៕
ដោយ៖ សារីម











