ភ្នំពេញ៖ ជោគវាសនាលោកមេធាវី ពេជ រតនា នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ។ មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណាដូចម្ដេចចំពោះករណីសូកប៉ាន់ចៅក្រម ដែលត្រូវបានបំបែកសំណុំរឿងដោយសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ។
នៅមុនមួយថ្ងៃនៃការប្រកាសសាលក្រមសំណុំរឿងលោកមេធាវី ពេជ រតនា គឺ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមសំណុំរឿងប្រព្រឹត្តអំពើពុករលួយ មួយករណីដែរ ។ ប៉ុន្ដែលោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូល ហាក់មាន”ភ័ព្វសំណាង”ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែប៉ុណ្ណោះ ហើយលោកនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។
គួររំលឹកថា លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង ។
លោកមេធាវី ពេជ រតនា សារភាពបែបនេះ នាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញ កន្លងទៅ ។
លោកមេធាវី ពេជ រតនា ដែលជាប់ពន្ធនាគារជាង៣ខែរួចត្រូវបានដោះលែងវិញ បាននិយាយក្នុងសវនាការទៀតថា ខ្លួនពិតជាបានយកលុយចំនួន ៥០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតម្កល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែនដើម្បីជាការតម្កល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណៈដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។
ប៉ុន្តែ ចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតម្កល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង។
លោកមេធាវី ពេជ រតនា ជាប់ចោទពីបទប៉ុនប៉ងសូកប៉ាន់ចំពោះចៅក្រម តាមមាត្រា២៧និងមាត្រា៥១៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ៕
ដោយ៖ ចេស្តា











