លោកមេធាវី ពេជ រតនា ត្រូវតុលាការផ្តន្ទាទោសកម្រិតទាបបំផុត ហើយព្យួរទោសឲ្យថែមទៀត !

ចែករំលែក៖

ភ្នំពេញ ៖ លោកមេធាវី ពេជ រតនា ជាប់ចោទពីបទ”ប៉ុនប៉ងសូកប៉ាន់ចៅក្រម”តាមមាត្រា២៧និង៥១៨នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។

លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹម២ឆ្នាំប៉ុណ្ណោះ ។

ការសម្រេចនេះ មានន័យថា តុលាការបានផ្តន្ទាទោសលោកមេធាវី ពេជ រតនា ក្នុងកម្រិតទាបបំផុត ហើយព្យួរទោស៣ឆ្នាំឲ្យថែមទៀតផង ។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមសំណុំរឿងប្រព្រឹត្តអំពើពុករលួយ មួយករណីដែរ ។ ប៉ុន្ដែលោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូល ហាក់មាន”ភ័ព្វសំណាង”ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែប៉ុណ្ណោះ ហើយលោកនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

គួររំលឹកថា លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង ។

លោកមេធាវី ពេជ រតនា សារភាពបែបនេះ នាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញ កន្លងទៅ ។

លោកមេធាវី ពេជ រតនា ដែលជាប់ពន្ធនាគារជាង៣ខែរួចត្រូវបានដោះលែងវិញ បាននិយាយក្នុងសវនាការទៀតថា ខ្លួនពិតជាបានយកលុយចំនួន ៥០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតម្កល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែនដើម្បីជាការតម្កល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណៈដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។

ប៉ុន្តែ ចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតម្កល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង ៕  ដោយ:ចេស្តា

...

eeb0d6f9-6605-46b8-bf21-70f59cca1551

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print