ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៦យប់ពីថ្ងៃ១ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1B-5607 បើកបរដោយឈ្មោះកាន វិរះ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ វី សុខឃាង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) ក្នុងទិសដៅផ្ទុយគ្នា មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1N-0383 បើកបរដោយឈ្មោះមឿន កញ្ញា ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) រួមដំណើរជាមួយឈ្មោះភិន វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យទាំង៣នាក់ ចំណែកម៉ូតូរងខូចខាតទាំងសងខាង។
សមត្ថកិច្ចបានបញ្ជាកថា មូលហេតុអ្នកបើកបរម៉ូតូឈ្មោះ មឿន កញ្ញា បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួមផ្សំនឹងអ្នកបើកបរម៉ូតូឈ្មោះ កាន វិះ បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ផងនោះក៏បណ្ដាលឲ្យគ្រោះថ្នាក់កើតឡើងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
...
ដោយ៖ ប៊ុន រិទ្ធី