ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយផ្ទាល់ដើម្បីត្រៀមជាប្រចាំក្នុងបើកយុទ្ធនាការលក្ខណៈទ្រង់ទ្រាយធំដើម្បីចាត់វិធានការក្តៅលើបទល្មើសពាក់ព័ន្ធនឹងល្បែងស៊ីសង ខុសច្បាប់និងបញ្ហាគ្រឿងញៀនរួមទាំងសំណង់ខុសច្បាប់ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ។
លោក អភិបាលខណ្ឌដូនពេញ បានថ្លែងសង្កត់ធ្ងន់ៗនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧នេះ ថា បន្ទាប់ពីលោកបានឡើងកាន់ដំណែងជាអភិបាលខណ្ឌប៉ុន្មានសប្តាហ៍នេះ បទល្មើសហាក់ដូចជាបានកើតឡើងជាហូហែក្នុងនោះមានបទលើ្មសព័ន្ធនឹងល្បែងស៊ីសង គ្រឿងញៀន និងសំណង់ខុសច្បាប់ ដែលវាជះឥទ្ធិពលអាក្រក់ដល់រូបលោកដែលទើបឡើងដំណែងថ្មី ក៏ដូចជាប៉ះពាល់ដល់អសន្តិសុខសង្គម ជាពិសេសវាធ្វើអោយប្រជាពលរដ្ឋមូលការភ័យខ្លាចចំពោះបទល្មើសទាំងនោះ។
លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានបន្តទៀតថា កន្លងមករដ្ឋបាលសាលាខណ្ឌបានបង្ក្រាប់ជាញឹកញាប់ តែដោយសារមានជនឆក់ឪកាសនិយមជាពិសេសម្ចាស់ល្បែងស៊ីសងហ៊ានលបបើកលេងនៅពេលយប់ចាប់ពីម៉ោង ១១ រហូតទល់ភ្លឺដែលធ្វើអោយសមត្ថកិច្ចរបស់ខណ្ឌមិនទទួលបានដំណឹងពីបញ្ហានេះ។ ជាងនេះទៅទៀត បញ្ហាសាងសង់ដោយខុសច្បាប់ និងមានមានច្បាប់ទាំងឡាយដែលបានធ្វើអោយបាត់បង់សណ្តាប់សាធារណៈ និងបង្កអោយមានការកកស្ទះចរាចរណ៍ ហើយបញ្ហាគ្រឿងញៀនគឺជាបញ្ហាដ៏ស្មុកស្មាញក៏ត្រូវតែបង្ក្រាបបើទោះបីនៅទីតាំងណាក៏ដោយ។
លោកអភិបាលបញ្ជាក់ថា បញ្ហាទាំងអស់នេះត្រូវតែចាត់វិធានការក្តៅទាំងរដ្ឋបាល និងច្បាប់កុំអោយកើតមានបន្តទៀតបើទោះបីមានខ្នងប៉ុណ្ណាក៏ដោយ ព្រោះវាបង្កអសន្តិសុខដល់ប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា បន្ទាប់ពីលោកអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាដាច់ខាតត្រូវតែចាប់បង្រ្កាបនូវរាល់បញ្ហាល្បែងស៊ីសងនោះដែរនៅយប់ថ្ងៃដដែលនោះដែរលោកអភិបាលខណ្ឌបានហៅកម្លាំងខណ្ឌដែលខាងសមត្ថកិច្ចប៉ូលិសដឹកនាំដោយលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌនិងលោកថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពបានត្រៀមជាស្រេចនៅសាលាខណ្ឌដើម្បីចេញប្រតិបត្តិការក្តៅបង្រ្កាបរាល់ល្បែងដែលហ៊ានលបបើកនាពេលយប់នោះ តែប្រហែលជាអ្នកបើកល្បែងហ្គេមនោះដឹងមុនបានបិទទ្វារនោះទើបកម្លាំងបានដកថយវិញនឹងត្រៀមនៅថ្ងៃវិញ៕
ដោយ៖ ស តារា