ភ្នំពេញ៖ កីឡាករកីឡាការិនីហែលទឹកជនពិការទាំងថ្មីទាំងចាស់សរុប១២នាក់នាព្រឹកថៃ្ងទី៣ ខែមករា ឆ្នាំ២០១៧ ត្រូវបានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាវាយតម្លៃ និងធ្វើតេស្តសមត្ថភាពដើម្បីជ្រើសរើសប្រមូលផ្តុំចូលប្រជុំហ្វឹកហាត់ត្រៀមចូលរួមកម្មវិធីប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីនៅអំឡុងខែកញ្ញា ឆ្នាំ២០១៧ ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា សម្រាប់កីឡាករកីឡាការិនីទាំង១២នាក់ដែលបានវាយតម្លៃប្រភេទពិការ និងធ្វើតេស្តមត្ថភាពនេះ គឺគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាជ្រើសរើសទាំង១២នាក់ឲ្យជាប់ជាជ្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី ។
ការវាយតម្លៃកីឡាករកីឡាការិនីនេះ បានធ្វើឡើងដើម្បីឲ្យមានភាពយុត្តិធម៌ ទៅតាមប្រភេទពិការនីមួយៗ។ ជាមួយគ្នានោះលោកអគ្គលេខាធិការក៏នឹងបើកឱកាសឲ្យកីឡាការិនីពិការផ្សេងៗទៀតដែលមានបំណងចង់ចូលរួមហ្វឹកហាត់កីឡាហែលទឹក ដើម្បីប្រកួតដណ្តើមយកមេដាយជូនជាតិ មេត្តាមកដាក់ពាក្យសុំសិទ្ធិធ្វើតេស្តមត្ថភាពដែលនឹងបើកត្រឹមខែមករា ឆ្នាំ២០១៧ ។ ដោយហេតុថា កីឡាការិនីជនពិការផ្នែកហែលទឹកនេះមានចំនួនតិចនៅឡើយមិនទាន់ឆ្លើយតបទៅតាមតម្រូវការដែល គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចង់បាន ។
សូមបញ្ជាក់ថា ប្រភេទកីឡាដែល គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រមូលផ្តុំហ្វឹកហាត់ដើម្បីត្រៀមចូលរួម ប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីនៅអំឡុងខែកញ្ញា ឆ្នាំ២០១៧ មានប្រភេទកីឡាសរុបទាំងអស់ចំនួន៩ប្រភេទ ក្នុងនោះ កីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយកីឡាថេនពីនប៊ូលលីងកីឡា បូស្យែលកីឡាបាល់ទាត់ជនពិការភ្នែក បោះបាល់ពិការភ្នែកបាល់បោះជិះរទះ៕
ដោយ៖ សារីម