ខេត្តកំពង់ចាម ៖ ក្រោយពីសម្ដេចក្រឡា ហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពីវិធានការអនុវត្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស ក៏ដូចជាបទបញ្ជាលោកនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិរួចមក គេសង្កេតឃើញមាន ទីតាំងកត់ឆ្នោតលួចលាក់ជាច្រើនកន្លែង នៅក្រុងកំពង់ចាម បើកយ៉ាងរលូនដោយគ្មានចំណាត់ការពីស្ថាប័នណាមួយឡើយ ។
ជារៀងរាល់ល្ងាច គេឃើញមានមនុស្ស ជាច្រើនមកចាក់ឆ្នោតនៅផ្ទះលេខ៤៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលបើក យ៉ាងអនាធិបតេយ្យ ដោយគ្មានញញើតពី សមត្ថកិច្ចសោះឡើយ ដោយបើកក្រោម ស្លាកមេធាវី សុវណ្ណភូមិ មានម្ចាស់ឈ្មោះ យាយកៅ និងមានកូនកញ្ច្រែងមិនក្រោម ៥០នាក់ទេ ។ ក្រៅពីនោះក៏មានបើកនៅតាម បណ្តាស្រុកជាច្រើនកន្លែងទៀតដូចជា ស្រុកជើងព្រៃ ស្រុកកងមាស ស្រុកចំការ លើ និងស្រុកកំពង់សៀម។
លោក ឯម កុសល ស្នងការខេត្តកំពង់ ចាមបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា រូប លោកនឹងចាត់វិធានការបង្ក្រាបលើទីតាំង ល្បែងស៊ីសងខាងលើ ។
ចំពោះជុំវិញបញ្ហានេះដែរ ប្រពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ជួយចុះទៅ បង្ក្រាបទីតាំងល្បែងស៊ីសង កត់ឆ្នោតទាំង នោះផង ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់ សង្គម និងកើតមានអំពើលួច ឆក់ ប្លន់ ឬអំពើហិង្សារក្នុងគ្រួសារ ៕ ហេង នរិន្ទ្រ