ភ្នំពេញ ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F Co.Ltd នៃប្រទេសចិនចូលជួបសំដែងការគួរសម និងភិភាក្សាការងារ។
ក្រុមហ៊ុន លោក Zhang Li ជាក្រុមហ៊ុនចម្រុះដ៏ធំបំផុតមួយនៅប្រទេសចិនដែលធ្វើអាជីវកម្មផ្នែកអចលនៈទ្រព្យរួមទាំងការសាងសង់សណ្ឋាគារលំដាប់កំពូល វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស វិស័យសុខាភិបាល និងថែទាំមនុស្សចាស់ជរាផងជាដើម។ សព្វថ្ងៃនេះ ក្រុមហ៊ុនមានបុគ្គលិកប្រមាណជា៦ម៉ឺននាក់ ដែលមានជំនាញខាងវិស័យសំណង់ រួមទាំងផ្នែកស្ថាបត្យកម្មផង ការសាងសង់ និងដឹកជញ្ជួន។ ក្រុមហ៊ុន Guangzhou R&F Properties Co.Ltd មានប្រាក់ចំណូលប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងមានប្រាក់ចំណេញសុទ្ឋ១,៥០០លានដុល្លារក្នុងមួយឆ្នាំ។
នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់លោកមកកាន់ប្រទេសកម្ពុជា ព្រោះដោយបានសង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានចំណាប់អារម្មណ៍ខ្លាំង និងមានជំនឿទុកចិត្តខ្លាំងជាមួយស្ថេរភាព នឹងកំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ ថ្មីៗនេះ លោក Zhang Li ក៏បានជួបជាមួយនឹងលោកឧកញ៉ា គិត ម៉េង រួចហើយ និងបានពិភាក្សាគ្នាក្នុងការបះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាប្រមាណ ៣,០០០ លានដុល្លារសហរដ្ឋអាមេរិក។ ជាជំហានដំបូង លោក Zhang Li មានចំណាប់អារម្មណ៍វិនិយោគនៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ក្នុងការសាងសងសណ្ឋាគារលំដាប់ផ្កាយ ៦។
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសចិន ដែលក្នុងនោះមានក្រុមហ៊ុនលោក Zhang Li ដែលបានទទួលជោគជ័យក្នុងការវិនិយោគសព្វថ្ងៃ។ សម្តេចតេជោ បានស្វាគមន៍ និងគាំទ្រចំពោះការចាប់ដៃគ្នារវាងក្រុមហ៊ុនរបស់លោក Zhang Li ជាមួយអ្នកឧកញ៉ា គិត ម៉េង គឺភាគីកម្ពុជាមានដី ហើយភាគីចិនមានថវិកាសម្រាប់វិនិយោគសាងសង់។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានាពេលនេះគឺមានស្ថេរភាពនយោបាយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលងាយស្រួលដល់អ្នកវិនិយោគ។ ទន្ទឹមនឹងនេះ គឺសេដ្ឋកិច្ចកម្ពុជាកំពុងតែមានសន្ទុះរីកលួតលាស់ល្អផងដែរ។ ជាការពិតប្រទេសកម្ពុជាកំពុងតែមានសេចក្ដីត្រូវការផ្នែកសណ្ឋាគារលំដាប់កំពូលៗ ព្រោះថាចំនួនភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជាកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។ ភ្ញៀវបរទេសមួយចំនួនធំគឺត្រូវការសណ្ឋាគារទំនើបចាប់ពីផ្កាយ៥ឡើងទៅទើបពួកគេមកកំសាន្តនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ការវិនិយោគរបស់ក្រុមហ៊ុន លោក Zhang Li ពេលនេះ គឺស្របនឹងនយោបាយរបស់ចិនចំពោះប្រទេសកម្ពុជានោះគឺ គោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយ និងគោលនយោបាយវិថីសូត្រសមុទ្ររបស់ចិនទៀតផង។
នៅក្នុងជំនួបពិភាក្សារសៀលថ្ងៃនេះ លោក Zhang Li បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនៈកិច្ចក្រុមហ៊ុនរបស់លោកនៅ ក្វាងចូវ ប្រទេសចិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរ លោក Zhang Li និងសហការីទាំងអស់ទទួលបានជោគជ័យទាំងនៅក្នុងឆ្នាំសកលថ្មី ២០១៧ និងនៅក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕