ខេត្តកំពង់ធំ៖ សមត្ថកិច្ចអធិការក្រុងស្ទឹងសែន បើកយុទ្ធនាការចុះបង្រ្កានក្រុមចែកចាយ និងប្រើប្រាស់គ្រឿង ដែលជនសង្ស័យបានយកផ្ទះសំណាក់យីហោ សុខមានរស្មី ជាទីតាំងចែកចាយ និងជួញដូរគ្រឿងញៀន ត្រូវបានឃាត់ខ្លួនក្រុមយុវវ័យ ប្រុសស្រីចំនួន៦នាក់ នៅបន្ទប់លេខ២០៣ នៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់របស់លោក អុិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក វ៉ាន់ វិបុល អធិការងក្រុងស្ទឹងសែន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌ច្បាស់ការលោកបានដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទ សហការជាមួយប៉ុស្តិ៍រដ្ឋបាលកំពង់ធំ ចុះឆែកផ្ទះសំណាក់យីហោ សុខមានរស្មី ក្រោមការឯកភាពពីលោក ព្រះរាជអាជ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ប្រុស២ស្រី៤ ស្ថិតក្នុងភូមិពោធិ៍បាក់កខ្លាសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកអធិការង វ៉ាន់ វិបុល បានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យចំនួន06នាក់ មានឈ្មោះ១-ឈ្មោះ ថោង ចាន់ រតនា ភេទស្រី អាយុ២១ឆ្នាំ មុខរបរម៉ាស្សា នៅភូមិ ស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២-ឈ្មោះ តាំង ស្រីរ៉ា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដនៅភូមិ ស្លាកែត សង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៣-ឈ្មោះគឹម សុលីន ភេទស្រីអាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ នៅភូមិពោធិ៍ ឃុំ ពោធិ៍ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ៤-ឈ្មោះ គង់ មិនា ភេទស្រីអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំ ៥-ឈ្មោះ អ៉ិច រ៉ាម៉េត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ៦-ឈ្មោះប៊ុន ដាលីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិក្តីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ វត្ថុតាងរួមមានទូរស័ព្ទដៃចំនួន៣គ្រឿង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)និងឧបករណ៍ច្នៃជក់មួយចំនួនទៀត ។
លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ដោយគោរតាមគោលការរបស់ រាជរដ្ឋាភិបាល ក្នុងគោលដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយឲ្យស្ថាប័នមន្ទីរពាក់ព័ន្ឋ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់បង្រ្កាបគ្រឿងញៀន ដែលជាដំណាក់កាលទី១ ដើមឆ្នាំ២០១៧ ដោយឈរលើវិធានការ អប់រំ ព្យបាលនិតិសម្បទា ទប់ស្កាត់ សមាហរកម្ម វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ៕
ដោយ៖ ប៊ុន រិទ្ធី