តារាចម្រៀងល្បីៗទទួលបានមេដាយពីរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុស ស្រីល្បីឈ្មោះ៥រូបទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលបន្ទាប់ពីពួកគេបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមពិសេសជុំវិញការជំរុញនិងផ្សព្វផ្សាយឲ្យមហាជនបានយល់ពីបញ្ហាអំពើពុករលួយ។

កម្មវិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០១៧នេះនៅក្នុងទិវាបុណ្យជាតិ៧មករា និងទិវាអន្តរជាតិប្រឆាំងអំពើពុករលួយដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
តារាចម្រៀងដែលទទួលបានមេដាយ និងបណ្ណសរសើរនៅពេលនោះមានកញ្ញា មាស សុខសោភា កញ្ញា សុគន្ធ និសា កញ្ញាញឹម ចាន់ថន លោក ឆន សុវណ្ណរាជ និងលោកខាត់ ជេម។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង មានប្រសាសន៍ថា សិល្បករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងស្មារតី បម្រើអារម្មណ៍មនោសញ្ចេតនាចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាមភ្លាមៗមកម្ល៉េះ។
លោកបន្តថា ការចូលរួមចំណែកពីសំណាក់សិល្បករពិតជាបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ និងបំពេរមនុស្សឲ្យសុខសាន្តបាន។ លោកទេសរដ្ឋមន្ត្រីលើកឡើងថាគ្មានសិល្បករគឺគ្មានមនោសញ្ចេតនា គ្មានព្រលឹង ហើយរដ្ឋាភិបាលពិតជាត្រូវការសិល្បករដើម្បីចូលរួមចំណែកជួយដល់សង្គម។

កញ្ញា ញឹម ចាន់ថន ដែលបានធ្វើការស្ម័គ្រចិត្តសកម្មភាពសិល្បៈជាមួយអង្គភាពប្រឆាំងអំពើពុករលួយរយៈពេល៤ឆ្នាំមកហើយនោះទទួលបានគ្រឿងឥស្សរិយយសបន្តបន្ទាប់គ្នា ហើយឆ្នាំនេះនាងទទួលបានគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងបញ្ជាក់នៅឱកាសនោះ នាងលើកឡើងថា នាងពិតជារំភើប រកអ្វីប្រៀបផ្ទឹមមិនបានក្រោយពីទទួលគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល។

នាងលើកឡើងថា កន្លងមកនាងធ្លាប់បានចូលរួមសកម្មភាពនានាពិសេសទាក់ទិននឹងការដឹកនាំរៀបចំឲ្យមានព្រឹត្តិការណ៍ប្រគុំតន្ត្រីនានា។ នាងថាវាគឺជាអ្វីដែលចេញពីទឹកចិត្តចូលរួមដល់កិច្ចការសង្គមដោយមិនគិតពីការនឿយហត់ ហើយនាងពិតជាចង់ឲ្យសិល្បករល្បីឈ្មោះកាន់តែច្រើនចូលរួមកម្មវិធីនេះដើម្បីប្រយោជន៍ជាតិ។

សិល្បករដែលទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាននាឱកាសនោះត្រូវបានបំពាក់ និងប្រគល់ជូនដោយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕

img_1872 img_1893 img_2009 img_1847 img_1829 img_1975 img_1995 img_1989 img_1997 img_1923

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print