នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានថានឹងចាប់បញ្ជូនមន្ត្រីនគរបាលខ្លួនទៅអង្គភាពប្រឆំាងអំពើពុករលួយបើសិនមានភស្តុតាង

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការព្រមានថានឹងមានការចាប់បញ្ជូនមន្ត្រីនគរបាលរបស់ខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើអគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញភស្តុតាងថា មន្ត្រីនគរបាលនោះបានប្រព្រឹត្តិអំពើពុករលួយ យកប្រាក់ខុសច្បាប់ពីកូនចៅក្រោមឱវាទរបស់ខ្លួន និងការយកប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋជាដើម។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូននាយនគរបាលថ្នាក់ឧត្តមសេនីយ នៅតាមនាយកដ្ឋាន និងស្នងការនគរបាលតាមខេត្តមួយចំនួន នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ  លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសថា ចាប់ពីម៉ោងនេះទៅ លោកនឹងចាត់វិធានការតាមច្បាប់ និងអនុវត្តវិន័យនគរបាលជាតិ ក្នុងករណីនគរបាលណារកឃើញភស្តុតាង ថាមានប្រព្រឹត្តិអំពើពុករលួយ  លោកនឹងស្នើចាត់បញ្ជូនមន្ត្រីនគរបាលនោះទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីកន្លងមកលោកទទួលបានការរាយការណ៍ថា ប្រធាននាយកដ្ឋានមួយចំនួនបានធ្វើសកម្មភាពកាត់របបថវិកាពីមន្ត្រីក្រោមឱវាទរបស់ខ្លួន ដូចជាកាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត ពិសេសជាងនេះ ការប្រាក់របបលើកងកម្លាំងនគរបាលចរាចរណ៍ និងការដាក់កុងត្រូលចាំពួនស្ទាក់ផាកពិន័យយកប្រាក់ខុសច្បាប់ជាដើម។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន  ក៏បានធ្វើព្រមានថាសម្រាប់មន្ត្រីនគរបាលចរាចរដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ លោកនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតទេហើយ ពោលគឺន្ត្រីនគរបាលចរាចរដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ  ត្រូវប្តូរចរឹកកោសរុសទារប្រាក់ ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវប្រើសម្ដីសំដៅឲ្យសមរម្យដាក់ប្រជាពលរដ្ឋ ហើយថាសម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបានលោកថា បើរកឃើញភស្តុតាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា កន្លងមកនគរបាលចរាចរគឺជាកងកម្លាំងមួយដែលបានទទួលបា្រក់ឧបត្ថម្ភខាងក្រៅច្រើនជាងគេ ដូចជាប្រាក់ឧត្ថម្ភប្រចាំខែពីសម្តេចក្រឡាហោម  ស ខេង និងការទទួលប្រាក់ឧបត្ថម្ភពីផាកពិន័យក៏ច្រើនជាងគេ និងប្រាក់ឧបត្ថម្ភនានាបន្ថែមលើថវិកាប្រាក់បៀវត្ស ប៉ុន្តែបាតុភាព និងទង្វើរមិនល្អនានាជាច្រើនរបស់នគរបាលចរាចរនៅមិនទាន់មានការថយចុះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១សប្តាហ៍ដើមខែមករា ឆ្នាំ២០១៧នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងរហូតដល់ប្រមាណ៧នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

សម្រាប់បញ្ហានេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានសុំឲ្យនគរបាលចរាចរណ៍ត្រូវពង្រឹងឡើងវិញ និងចាត់វិធានការឲ្យបានខ្លាំងចំពោះបញ្ហាទី១.ប្រភេទឡានដឹកអ្នកដំណើរ, ទី២.ឡានដឹកកម្មករ និងទី៣.ពង្រឹងត្រួតពិនិត្យអ្នកបើកបរម៉ូតូ ពិសេសការបើកបរក្រោមឥទ្ធិពលស្រវឹងនៅពេលយប់។

សូមបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ៖

១.លោកឧត្តមសេនីយ៍ឯក សៀន សេន ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

២.លោកឧត្តមសេនីយ៍ទោ លឹម សុខារស្មី ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋានគ្រប់គ្រង់សន្ដិសុខឯកជន។

៣.លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ ទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។

៤.លោកឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវបានតែងតាំងពីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ។

៥.លោកឧត្តមសេនីយ៍ទោ ជួង ស៊ាងហាក់ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៦.លោកឧត្តមសេនីយ៍ទោ ចាន់ ស៊ីថា ប្រធានអង្គភាពអន្តរាគមន៍ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៧.លោកឧត្តមសេនីយ៍ទោ សិទ្ធិ ប៊ុនធី អនុប្រធានសេនាធិការ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯក។

៨.លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តខេត្តកំពត ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទៅ។

៩.លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១០.លោកឧត្តមសេនីយ៍ត្រី អ៊ឹង សំអុល ស្នងការនគរបាលខេត្តកែប ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១១.លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១២.លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានតំឡើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ទោ។

១៣.លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១៤.លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ។

១៥.លោកឧត្តមសេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានតំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ៕

talem-3 talem-2 talem-4 talem-1

...

ដោយ៖ ឌិន សុខស៊ីថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print