ខេត្តក្រចេះ ៖ ទីតាំងបរិវេណសាខា កាកបាទក្រហមខេត្តក្រចេះ ដែលមាន ទីតាំងនៅផ្លូវមាត់ទន្លេកណ្តាលទីប្រជុំជន ខេត្តបានក្លាយជាកន្លែងស្តុកខ្សាច់,ក្រួស សម្រាប់ធ្វើអាជីវកម្មបូមក្រួសខ្សាច់ទ្រង់ទ្រាយធំស្របពេលដែលទីតាំងមួយនេះហ៊ុមព័ទ្ឋទៅដោយផ្ទះពលរដ្ឋនិងមន្ទីរធ្វើការ របស់រាជការជាច្រើនអង្គភាព ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងសាខាកាកបាទក្រហមខេត្តក្រចេះ ត្រូវបានប្រធានសាខាខេត្តជួលទៅឱ្យឈ្មួញ សម្រាប់់ធ្វើអាជីវកម្មខ្សាច់ក្រួស ដោយមានចុះកិច្ចសន្យាកុងត្រាជាមួយគ្នា ក្នុង១ឆ្នាំ ម្តង ។ ប៉ុន្តែគេមិនបានបញ្ជាក់ថា ជួលក្នុង តម្លៃប៉ុន្មាននោះទេ ។ នេះបើតាមការ អះអាងរបស់ លោក ហេង ប៊ុនទូច ជាថៅ កែខ្សាច់ក្រួស ដែលកំពុងធ្វើអាជីវកម្ម ក្នុងដីឡូត៍របស់សាខាកាកបាទក្រហម ខេត្តក្រចេះ ។
ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការរស់នៅក្បែរនោះបាននិយាយថា ចាប់តាំងពីទីតាំង សាខាកាកបាទក្រហម បានក្លាយជាតំបន់ ស្តុកខ្សាច់ក្រួសសម្រាប់ធ្វើអាជីវកម្មទ្រង់ទ្រាយធំគឺបានរំខានដល់ការរស់នៅក៏ដូចជាបំពេញកិច្ចការងាររាជការរបស់ពួកគាត់ ខណៈនៅតំបន់នោះគឺហ៊ុមពទ្ឋ័ទៅដោយមន្ទីរមន្ត្រីរាជការ ។ ជាងនេះទៀត គឺថ្លង់សំឡេងគ្រឿងចក្រជីកកាយក៏ដូចជាសំឡេងម៉ាស៊ីនបូមព្រមទាំងសំឡេងសន្ឋឹករថយន្តធុនធំៗ ត្រូវបានលាន់ឮកងរំពងទាំងយប់ទាំងថ្ងៃចេញពីអាជីវកម្មលក់ក្រួសខ្សាច់ដ៏ធំមួយនេះដែល កំពុងតែបោះទីតាំងធ្វើអាជីវកម្មទ្រង់ទ្រាយ ធំមានរយៈពេលជាច្រើនខែមកហើយ ។
ក្រៅតែពីការរអ៊ូរទាំរបស់ពលរដ្ឋពីការ រំខានដោយសំឡេងថ្លង់ចេញពីអាជីវកម្ម មួយនេះពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរមាន ការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ចំពោះចរាចរណ៍ការគ្មានសណ្តាប់ធ្នាប់ផងដែរ ព្រោះផ្លូវក្នុងជួរមាត់ទន្លេត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើចរាចរណ៍ឡានធន់ធំ ។ តែផ្ទុយទៅវិញរថយន្តដឹកខ្សាច់ធំរាប់សិបគ្រឿងក្នុងមួយថ្ងៃៗបន្តចេញចូលក្នុងទីតាំងអាជីវកម្ម ទន្ទឹមគ្នានោះ មានចិញ្ចើមផ្លូវកៅស៊ូជាច្រើនកន្លែងនៅតំបន់នោះកំពុងតែ ជួបការបាក់ស្រុត ។
លើសពីនេះពលរដ្ឋ និយាយថា ទីតាំងដីឡូដ៏ធំរបស់សាខាកាកបាទក្រហមត្រូវបានឃុំគ្រងដោយគ្រឿងចក្រ និងក្រួសខ្សាច់ស្របទៅនឹងទីស្នាក់ការ កាកបាទក្រហមក៏ត្រូវគេមើលឃើញថា កំពុងតែខ្វះការថែទាំសូម្បីតែទង់ជាតិនិង ទង់ស្លាកសញ្ញា អក្សរកាកបាទក្រហមដែលតាំងនៅលើស្លាកចំពីមុខខ្លោងទ្វារក៏ដាច់ រយះខ្ទេចអស់ មើលសឹងមិនយល់មិនត្រូវ បានគេប្តូរចេញនៅឡើយទេ ។
ជាមួយនឹងការលើកឡើងដោយរិះគន់បែបនេះម្ចាស់អាជីវកម្មខ្សាច់ក្រួសលោក ហេងប៊ុនទូចបានឆ្លើយថាការធ្វើអាជីវកម្ម របស់គាត់មានច្បាប់ត្រឹមត្រូវចំណែកទីតាំងដែលគាត់ស្តុកខ្សាច់ ក្រួស សម្រាប់ទុកលក់ចេញបន្តនេះគឺគាត់បានជួលពីសាខាកាកបាទក្រហមខេត្តតែលោកមិនទម្លាយថាការជួលនោះធ្វើឡើងរបៀបណានោះទេ ។
ដោយឡែកលោកឌីវពិសីអនុប្រធាន មន្ទីរការិយាល័យរ៉ែបានឲ្យដឹងថាទីតាំងមួយនេះគឺមានច្បាប់អាជីវកម្មខ្នាតតូចចេញពី មន្ទីរខេត្តចំណែករឿងការលក់ចេញបន្ត បង្កឲ្យប៉ះពាល់ដល់ការរស់នៅពលរដ្ឋក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់ខេត្តនេះខាងលោកមិនបានដឹងនោះទេ ព្រោះជាតួនាទី របស់អាជ្ញាធរ ។ ចំណែកលោកធន់ គ្រី ប្រធានសាខាកាកបាទក្រហមខេត្តគឺមិន អាចទំនាក់ទំនងបានទេខណៈដែលក្រុមការងារខលចូលសុំការបំភ្លឺលោកបាន ឆ្លើយយ៉ាងខ្លីថាជាប់រវល់ ។
យ៉ាងណាក៏ដោយពលរដ្ឋក៏ដូចជាមន្ត្រីរាជការមានការិយាល័យធ្វើការនៅក្បែរនោះបានអំពាវឲ្យអាជ្ញាធរជំនាញជួយ ទប់ស្កាត់ឬមានចំណាត់ការណាមួយដល់ម្ចាស់អាជីវកម្ម ដើម្បី គាត់បន្ថយការរំខានពីទីតាំងអាជីវកម្មលក់ក្រួសខ្សាច់មួយនេះ។ ការអំពាវនាវរបស់ពួកគាត់បែបនេះត្រូវបានគេមើលឃើញថាបន្ទាប់ពីមានការធ្វើអាជីវកម្មរបស់ថៅកែក្រួសខ្សាច់ម្នាក់ឈ្មោះ ហេងប៊ុនទូចដែលកំពុងតែបោះទីតាំងអាជីវកម្មក្នុងបរិវេណដីឡូសាខាកាកបាទក្រហមខេត្តគឺកាន់តែពង្រីកអាជីវកម្មទ្រង់ទ្រាយ ធំទៅៗ ។
ជាងនេះទៀតពលរដ្ឋលើកឡើងថា សកម្មភាពអាជីវកម្មក្រួសខ្សាច់របស់ លោក ហេង ប៊ុនទូចដែលកំពុងតែប្រកប របរដើម្បីប្រយោជន៍បុគ្គលមិនបានគិតពី ផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃនោះឡើយ ៕ កោះទ្រុង