ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀតស្រវឹងស្រាឡើងជោកជាំបានបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងរងការខូចផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុចជិតក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមសម្ដីបុរសម្នាក់ដែលជាអ្នករួមដំណើរជាមួយបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងមិត្តភក្តិបានចេញមកពីចូលរួមពិធីមង្គលការគេនៅកោះពេជ្រដោយផឹកស្រាស្រវឹងទាំង២នាក់ហើយបើករថយន្តម៉ាកកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកណ្ដាល2A-1969 ដោយបើកតាមបណ្ដោយផ្លូវព្រះនរោត្ដមទិដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែមិនបណ្ដាលឲ្យក្បាលនាគរងការខូចខាតនោះទេ ចំណែរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯអ្នកបើកបរភ្លាមៗបានបើកទ្វារចុះជិះម៉ូតូឌុបគេចបាត់ដោយបន្សល់ទុកមិត្តភក្តិនៅកន្លែងកើតហេតុម្នាក់ឯង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ