ភ្នំពេញ៖ អ្នករត់ចាប់ម៉ូយដាក់រថយន្តតាក់សុីតាមបណ្តោយផ្លូវសហព័ន្ធរុស្សី៨នាក់ ដែលបង្កភាពរញ៉េរញ៉ៃធ្វើឲ្យបាត់សណ្តាប់ធ្នាប់សារធារណៈនោះត្រូវអាជ្ញាធរខណ្ឌនិងកម្លាំងសមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនយកមកធ្វើកិច្ចសន្យានិងអប់រំ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានឲ្យដឹងថា ការចុះចាប់ក្រុមអ្នករត់ចាប់ម៉ូយដាក់រថយន្តតាក់សុីនៅតាមផ្លូវសហព័ន្ធរុស្សីនេះគឺដោយមានការប្រជុំឯកភាពពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានឲ្យលោកដឹកនាំកម្លាំងចុះចាប់អ្នកទាំងអស់នេះយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីថ្ងៃក្រោយកុំឲ្យពួកគាត់ដេញចាប់អ្នកដំណើរដាក់រថយន្តបែបអនាធិបតេយ្យតទៅទៀត។
លោក ម៉ក់ ហុង បន្តទៀតថា ផ្លូវសហព័ន្ធរុស្សីនេះគឺជាផ្លូវសំខាន់ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ហើយលោកថានិងបន្តចុះចាប់ទាំអ្នករត់ចាប់ម៉ូយនិងម្ចាស់រថយន្តតាក់សុីណាដែលឈប់ដាក់ម៉ូយនៅតាមផ្លូវលើនេះឲ្យអស់។
ក្រោយមកសមត្ថកិច្ចបានសហការណ៍ខាងជំនាញផ្នែកធ្វើតេស្តរកសារធាតុញៀនក្នុងនោះអ្នកមានសារធាតុចំនួន៤នាក់ផងដែ។ដោយលែកអ្នកដែលគ្មានសារធាតុញៀនសមត្ថកិច្ចបានធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ៕
...
ដោយ៖ តុង សីហា