រថយន្តក្រុងដឹកភ្ញៀវទេសចរក្រុមហ៊ុន ថោង ស៊ីង ទុស្សេខ្សែភ្លើងឆាបឆេះរត់ជាន់ជើងគ្នាចុះពីរថយន្ត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តដឹកភ្ញៀវទេសចរបរទេសរបស់ក្រុមហ៊ុន ថោង ស៊ីង ទុស្សេខ្សែរភ្លើងបង្កជាអគ្គិភ័យបណ្តាលឲ្យឆាបឆេះ ភ្ញៀវទេសចររត់ជាន់ជើងគ្នាចុះពីលើរថយន្ត កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅខាងកើតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ សុផល ស្នងការរងផែនសណ្ដាប់ធ្នាប់សាធារណៈបានឲ្យដឹងថា រថយន្តដែលត្រូវបានឆាបឆេះគឺជារថយន្តធុន២៤កៅអីរបស់ក្រុមហ៊ុន ថោង ស៊ីង ដែលដឹកភ្ញៀវទេសចរបរទេស១៤នាក់ចេញពីខេត្តសៀបរាប ចូលមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះដល់ចំណុចកើតហេតុក៏មានឆាបឆេះតែម្ដង។

ប្រភពព័ត៌មានពីអ្នកបើកបរមិនបញ្ចេញឈ្មោះបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុគាត់ឃើញមានហុយផ្សែងចេញពីក្បែរចង្កូត ពេលនោះគាត់បានឲ្យភ្ញៀវទេសចរណ៍បរទេសជិះក្នុងរថយន្តចុះចេញភ្លាមៗ គ្រានោះស្រាប់តែអណ្ដាតភ្លើងឆាបឆេះឡើងតែម្តង ។

ក្រោយមានអគ្គិភ័យឆាបឆេះភ្លាមៗ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគបាលខេត្ត២គ្រឿងបានមកអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ តែរថយន្តត្រូវភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុងទៅហើយ ។ នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តដឹកភ្ញៀវទេសចរណ៍នេះបានធ្វើឲ្យភ្ញៀវបរទេសភ័យខ្លាច និងស្ទះចរាចរណ៍អស់ជិត១ម៉ោង តែមិនបណ្ដាលឲ្យភ្ញៀវបរទេសណាម្នាក់រងរបួសនោះឡើយ។

ដោយឡែក ភ្ញៀវ ដែលជិះក្នុងរថយន្តខាងលើនោះត្រូវបានក្រុមហ៊ុនថោង ស៊ីងដឹកយកមកក្រុងប៉ោយប៉ែតដោយសុវភាពហើយ៕

image3 image2 image1 image5 image4

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print