ភ្នំពេញ៖ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមអន្តរាគមន៍បង្ការនិងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួន ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនទាំង៦នាក់ ដែលបានចាប់ខ្លួន ក្នុងនោះមានលោក ថៃ នរៈពិទូ រួមទាំងប្រពន្ធឈ្មោះ អោក រតនៈប៉ុណ្ណិកា ផងដែរ។ លោក ថៃ នរៈសត្យា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឪពុករបស់ អតីតតារាសម្តែង ថៃ នរៈពិទូ បានថ្លែងមិនការពារកូនប្រុសតាមរូបភាពអន្តរាគមន៍ណាមួយនោះទេ ដោយលោកនឹងទុកឲ្យតុលាការជាអ្នកសម្រេចតាមនីតិវិធី។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីករណីចាប់ខ្លួនអតីត Freshie Boy លេខ១ ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ និងបក្ខពួក កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅទីតាំងខារ៉ាអូខេមួយកន្លែងលើទឹកដីខេត្តបាប់ដំបងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។
លោកថៃ នរៈសត្យា បានថ្លែងថា កូនៗគឺម្តាយឪពុកបង្កើតបានតែរូបរាងកាយ និងព្យាយាមអប់រំណែនាំឲ្យដើរក្នុងផ្លូវល្អ ប៉ុន្តែចិត្តគំនិតលោកមិនអាចគ្រប់គ្រងនិងបង្កើតបាននោះទេ។ លោកថា ទឹកចិត្តឪពុកបានត្រឹមតែអាណិត តែបើឲ្យលោកទៅធ្វើអីខុសនឹងច្បាប់លោកមិនធ្វើទេ ហើយលោកទុកសិទ្ធិឲ្យតុលាការដោះស្រាយ តាមនីតិវិធីទៅចុះ។ លោកបញ្ជាក់ថា កន្លងមកលោកមិនបានដឹងអំពីកូនប្រុសដែលលង់ខ្លួនជួញដូរគ្រឿងញៀននេះទេ ព្រោះតែលោកថៃ នរៈពិទូ មិនបានស្ថិតក្រោមបន្ទុករបស់លោក ពោលគឺក្រោយពីកូនប្រុសរៀបការជាមួយនឹងភរិយាគេរួចមក។ លោកក៏មិនមានគម្រោងជួយអន្តរាគមន៍ណាមួយជួយដល់កូនប្រុសពីការចោទប្រកាន់នោះទេ ។ លោកបន្តថា រឿងនេះគ្មានឪពុកម្ដាយណាចង់ឲ្យកូនធ្វើ និងចង់ឃើញកូនទទួលរងភាពអាម៉ាស់ដូច្នេះទេ ។ លោកស្នើមិនធ្វើការអធិប្បាយច្រើនទេជុំវិញបញ្ហានេះព្រោះតែខ្លាចខុសទៅនឹងនីតិវិធីរបស់មន្ត្រីមានសមត្ថកិច្ច និងមន្ត្រីតុលាការ ហើយលោកក៏មិនមានគម្រោងចុះទៅជួបកូនប្រុសផ្ទាល់នៅខេត្តបាត់ដំបងនោះដែរព្រោះតែលោកមានភារកិច្ចត្រូវបំពេញ។
គួរបញ្ជាក់ដែរថា ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍បង្ការនិងបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនទាំង៦នាក់ ដែលបានចាប់ខ្លួន ក្នុងនោះមានលោក ថៃ នរៈពិទូ រួមទាំងប្រពន្ធឈ្មោះ អោក រតនៈប៉ុណ្ណិកា ផងដែរ។ វត្ថុតាងមានថ្នាំញៀនប្រភេទ កេតាមីន ( Ketamine) ចំនួន៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃ ថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន២ថ្នាំអំពូល Diazepam ចំនួន២អំពូល ថ្នាំគ្រាប់ Zepam ចំនួន១៦បន្ទះ ដែកកេះចំនួន៣ គម្របដកកែច្នៃសម្រាប់ជក់ថ្នាំញៀន១ បំពង់ទុយយោបឺត១ដុំ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ១ដុំ និងសំបកថ្នាំមួយចំនួនទៀត៕
ដោយ៖ វឌ្ឍនា