ភ្នំពេញ ៖ អ្នករស់នៅអគារប៊ូឌិញប្រមាណជិត៦០០គ្រួសារបាននាំគ្នានិយាយគ្រប់ៗមាត់ថាអាជ្ញាធរមូលដ្ឋានរួមមានសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់កំពុងនាំគ្នាបំភ្លៃការពិតចង់បានដី កម្មសិទ្ធិរបស់ពួកគាត់យកទៅឲ្យក្រុមហ៊ុន ឯកជនជប៉ុនដើម្បីវិនិយោគសាងសង់អគារ កម្ពស់ជាង២០ជាន់តាមបែបផែនប្រវាស់ ផ្ទះជាមួយប្រជាជនក្នុងខណៈដែលពួក គាត់ (ប្រជាពលរដ្ឋ) មិនយល់ព្រម ឯកភាព លើគម្រោងអភិវឌ្ឍន៍នៅកន្លែងនោះទេ ។
ប្រជាពលរដ្ឋបញ្ចេញប្រតិកម្មបែបនេះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ និង ក្រសួងរៀបចំដែនដីបានសរសេរលិខិតផ្លូវ ការរបស់ខ្លួនដដែលៗថាទីតាំងផ្ទះសម្បែង និងដីអគារប៊ូឌិញទាំងមូលគឺជាអគារ សហកម្មសិទ្ធិ ។ ពួកគាត់ចោទសួរថាអស់លោកដែលជាមន្ត្រីមានភារកិច្ចក្នុងការ សម្របសម្រួលទិញលក់ឬអភិវឌ្ឍលំនៅ ឋានរបស់ពួកគាត់ទាំងអស់គ្នានោះក៏ដូចជាក្រុមហ៊ុនជប៉ុនដែលចង់ធ្វើការវិនិយោគ ទុនជាមួយពួកគាត់ថាពួកអស់លោកបាន ដាក់លុយទិញផ្ទះចូលជាមួយពួកគាត់តាំងពីថ្ងៃណាមក?ឬមួយក៏ចង់សួរថាមានការឯកភាពពីពួកគាត់ប៉ុន្មានភាគរយហើយបានជាអស់លោកហ៊ានប្រើពាក្យថាសហ កម្មសិទ្ធិ?
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសក្តែងៗប្រគល់ដីរដ្ឋដែលពលរដ្ឋកាន់កាប់គ្រប់គ្រងឲ្យទៅពលរដ្ឋរស់នៅដោយស្របច្បាប់ ។ ប៉ុន្តែដោយឡែកដីអគារ ប៊ូឌិញមិនពាក់ព័ន្ធនឹងដីរដ្ឋស្អីផងហេតុអីអស់លោកហ៊ានប្រើ ពាក្យសហកម្មសិទ្ធិទៅកើត? ល្មមឈប់ ហើយវប្បធម៌ចែកស្មើយកលើស ។
ប្រជាពលរដ្ឋនិយាយបន្តថាពួកគាត់ស្ទើរតែ១០០ភាគរយទាមទារលក់ផ្ទះនិងដីផ្តាច់ទៅឲ្យក្រុមហ៊ុនណាក៏ដោយតាម ទីផ្សារសេរីដើម្បីបានលុយចែកកូនចៅ បំបែកគ្រួសាររស់នៅក្នុងលក្ខណៈជាពល រដ្ឋសាមញ្ញមិនចង់នៅក្នុងអគារទំនើបឡើយ ព្រោះវាលើសពីសមត្ថភាពពួកគាត់ឆ្ងាយ ពេកពួកគាត់មិនចង់បានទេ ។ ម៉្យាងទៀត បច្ចុប្បន្នលំនៅឋានរបស់ពួកគាត់ខ្លះរស់នៅជាន់ផ្ទាល់ដីអាចរកស៊ីលក់ដូរចិញ្ចឹម កូនចៅបានដូច្នោះពួកគាត់មិនព្រមទទួលយកផ្ទះជាន់លើទេព្រោះស្រុកខ្មែរផ្ទះជាន់ក្រោមថ្លៃជាងផ្ទះជាន់លើសូមអស់លោកកុំធ្វើល្ងង់ចង់ឲ្យបរទេសចំណេញលើក្បាលពលរដ្ឋខ្លួនឯងដែលមានឈាមជ័រដូចគ្នា ។
បញ្ហាសំខាន់បំផុតមួយទៀតនោះពួកគាត់ដឹងច្បាស់ហើយថាដីតំបន់ជុំវិញអគារប៊ូឌិញសព្វថ្ងៃមានតម្លៃ១ម៉ែត្រការ៉េឈ្មួញប្រកាសលក់១ម៉ឺនដុល្លារឯណោះ ។
បញ្ហាសំខាន់មួយទៀតនោះគឺពលរដ្ឋលើកឡើងថាការរស់នៅក្នុងអគារទំនើប (ខុនដូ)ពួកគាត់គ្មានលទ្ធភាពបង់សេវាកម្ម រស់នៅផ្សេងៗលើអគារដ៏ទំនើបនោះឡើយដូចជាបញ្ហាជណ្តើរយន្តជាដើម។ល។
បញ្ហាខាងលើនេះប្រជាពលរដ្ឋសង្ឃឹមថាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងជួយ ដោះស្រាយទុក្ខកង្វល់ជូនពួកគាត់ឲ្យបានសមរម្យមិនបណ្តោយឲ្យមន្ត្រីក្រោមឱវាទ ជាន់ឈ្លី រាស្រ្តដូចករណីដីក្រហម ដីសំបុកចាប ដី បូរីកីឡានិងដីនៅតំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញនាពេលកន្លងមកទៀតឡើយ ៕ តាឡឹម