ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ជិះម៉ូតូចេញពីរៀនបំណងទៅផ្ទះហើយត្រូវក្រុមចោរប្លន់ប្រដាប់អាវុមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមជិះម៉ូតូមួយគ្រឿងហើយមកស្ទាក់ផ្លូវធ្វើសកម្មភាពភ្ជង់ប្លន់ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែមិនបានសម្រេចព្រោះជនរងគ្រោះដកសោបោះចោលហើយត្រូវជនសង្ស័យដណ្តើមយកកាបូបលុយហើយគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះសេង លក្ខណា អាយុ២៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI-0838 ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូចេញពីសាលារៀននៅជិតផ្សារស្ទឹងមានជ័យថ្មី ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ផងនោះស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកប្រដាប់ដោយអាវុធខ្លីមួយដើមមិនចាំម៉ាកបានមកស្ទាក់ពីមុខហើយដកកាំភ្លើងខ្លីពីចង្កេះមកធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ តែជនរងគ្រោះបានដកសោចេញពីម៉ូតូបោះចោល ភ្លាមនោះជនសង្ស័យម្នាក់បានដណ្តើមយកកាបូបស្ពាយហើយជនរងគ្រោះក៏រត់ចេញពីម៉ូតូស្រែកឲ្យគេឯងជួយ។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីរូបនាងបានរត់ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយមិនបានយកម៉ូតូជនរងគ្រោះទៅជាមួយទេ។
ក្រោយពេលកើតហេតុជនរងគ្រោះក៏ជិះម៉ូតូទៅផ្ទះទាំងមានការភ័យញ៉ាប់ញ័រ លុះព្រឹកឡើងទើបមកប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា៕ សុខាសែនជ័យ
...