ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានចុះរៀបចំសណ្តាប់ធ្នាប់ម្តុំផ្សារមាន់អាំង ដែលមានភាពរញ៉េរញ៉ៃ រោង សំយ៉ាប ចំណត នៅលើចិញ្ចើមផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍និង ទទួលរងការរិះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ថា គណៈកម្មការផ្សាររំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញលេខ ៣៤៦/១៦លស ជម្រាបមកលោកអភិបាលនៃគណៈអភិបាលខណ្ឌទាំង១២ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងទប់ស្កាត់ការលក់ដូរចល័តនៅតាមដងផ្លូវ សួនច្បារ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌទួលគោកលេខ០១៤/២០១៦សជណ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ទាំងអស់ក្នុងខណ្ឌទួលគោក ។
លោក ប៉ាង លីដា អភិបាលរង ជួសមុខឲ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារ នរគបាលប៉ុស្តិ៍បឹងកក់២ មន្ត្រីបរិស្ថាន កម្មករប្រមូលសំរាម ចុះរៀបចំសណ្តាប់ធ្នាប់ រុះរើកាត់ស្លាកយ៉ីហោ រនាំងបាំង បោសសំអាតប្រមូលសំរាម និង ធ្វើកំណត់ហេតុជាមួយអាជីវករលក់ដូរនៅផ្សារមាន់អាំង ដោយទុករយៈពេលចំនួន៣ថ្ងៃ ឲ្យរុះរើដោយខ្លួនឯងនៅសំយ៉ាប់រោងលក់ដូរលើចិញ្ចើមផ្លូវ ដោយស្ម័គ្រចិត្ត ។
លោកអភិបាលរងបានប្រាប់ឲ្យដឹងថា មុនដល់ពេលចុះមករៀបចំសណ្តាប់ធ្នាប់ខាងលើនេះ ខាងសាលាខណ្ឌទួលគោក បានចុះផ្សព្វផ្សាយចែកជូននៃលិខិតជូនដំណឹងដល់អាជីវករនានាជាច្រើនលើកច្រើនសារមកហើយ ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយបងប្អូនប្រជាពលរដ្ឋដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ព្រមទាំងណែនាំដល់អាជីវករអំពីការចូលរួមរំដោះចិញ្ចើមផ្លូវ និងបញ្ចៀសការកកស្ទះចរាចរណ៍ដែលតែងតែកកស្ទះនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។
ក្នុងប្រតិបត្តិការចុះរៀបសណ្តាប់ធ្នាប់ខាងលើនេះជាការឆ្លើយតបជាមួយសំណូមពរប្រជាពលរដ្ឋ ដែលតែងតែសំណូមពរមកដល់សាលាខណ្ឌទួលគោកឲ្យជួយដោះស្រាយសម្រួលការធ្វើដំណើរឆ្លងកាត់ជួបភាពកកស្ទះតាមដងផ្លូវនានាផងដែរ ៕ ស តារា
...