យ៉ាងហោចណាស់មានពលរដ្ឋស៊ីរី១៨នាក់ស្លាប់និងជាង៥នាក់រងរបួសនៅក្នុងការវាយប្រហារតាមដែនអាកាសពីកម្លាំង ទាហានទួរគីទៅលើស្រុក AlBab និងភូមិពីរផ្សេងទៀតនៅភាគខាងជើងទីក្រុងអាឡែបប៉ូ ។
នៅថ្ងៃទី១៦ ខែមករា យន្តហោះចម្បាំង ទួរគីបានវាយប្រហារទម្លាក់គ្រាប់បែកទៅលើភូមិ BaZaa និង Tadaf ភាគខាងជើង ទីក្រុងអាឡែបប៉ូសម្លាប់មនុស្ស៩នាក់ និង៥៧នាក់រងរបួសគឺជាពលរដ្ឋនៅក្នុងភូមិ។
នៅថ្ងៃទី១៤ ខែមករា ទាហានទួរគីក៏បានវាយប្រហារទៅលើភូមិ Al Tafrieh សម្លាប់មនុស្ស៤នាក់ក្នុងមួយគ្រួសារផង ដែរ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរកម្លាំងទាហានទួរគីបានសម្លាប់ខ្មាន់កាំភ្លើងក្រុម IS ៤១នាក់ និងបំផ្លាញទីតាំង ១៨៧កន្លែងរបស់ក្រុមនេះនៅភាគខាង ជើងស៊ីរី។
នៅរយៈពេលចុងក្រោយនេះរុស្ស៊ីបានបង្កើនការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរីដោយដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រង។ ការបង្កើនសកម្មភាពវាយប្រហារនេះកើតឡើងក្រោយ ពេលដែលទួរគីរងការវាយប្រហារភេរវកម្មពីក្រុម IS ។
សូមរំលឹកផងដែរថាការវាយប្រហារ ចុងក្រោយបំផុតទៅលើប្រទេសទួរគីពីក្រុម ភេរវកម្មគឺនៅយប់ឆ្លងឆ្នាំបានសម្លាប់មនុស្ស ៣៩នាក់នៅក្នុងក្លិបកម្សាន្តរាត្រីមួយក្នុង ក្រុងអ៊ីស្តង់ប៊ូលប្រទេសទួរគី។ តាមការ ផ្សាយរបស់បណ្តាញព័ត៌មានទួរគីជនដៃ ដល់អាចមានដើមកំណើតមកពីប្រទេសអាស៊ីកណ្តាល ហើយអាចជាសមាជិករបស់ ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរីនឹងជាមនុស្សដែលមានបទពិសោធន៍ខ្ពស់ក្នុង ការប្រើប្រាស់អាវុធ។
ជនដៃដល់នៃអំពើភេរវកម្មនៅទីក្រុង អ៊ីស្តង់ប៊ូលនៅមិនទាន់ចាប់បាននៅឡើយទេ តែព័ត៌មានស្តីពីអត្តសញ្ញាណរបស់ជននេះត្រូវបានគេស្រាវជ្រាវដឹងកាន់តែច្រើន។ រូបថតជាច្រើនត្រូវបានគេផ្សព្វផ្សាយ ហើយ បើតាមការសន្និដ្ឋានជនដៃដល់គឺជាបក្ខពួករបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមដែល មានមូលដ្ឋាននៅប្រទេសស៊ីរី។ ស្នាមម្រាម ដៃត្រូវបានគេស្រង់បាន តែយ៉ាងណាអាជ្ញា ធរទួរគីទទួលស្គាល់ថា ការស៊ើបអង្កេតមាន ការលំបាកខ្លាំង។
អាជ្ញាធរទួរគីសន្និដ្ឋានថា ភេរវជនមិន មែនជាមនុស្សសាមញ្ញទេ តែជាមនុស្សដែល បានទទួលការហ្វឹកហាត់ពីរបៀបប្រើប្រាស់ អាវុធយ៉ាងស្ទាត់ជំនាញ។ ជាក់ស្តែងក្នុងពេលធ្វើប្រតិបត្តិការជននេះបានប្រើកាំ ភ្លើង Fusil d’assaut ដែលមានដាក់គ្រាំ ដល់ទៅ២បង់ព្រមគ្នាដើម្បីកុំឲ្យខាតពេល។ មួយវិញទៀតជនដៃដល់បានបាញ់តម្រង់ទៅលើជនរងគ្រោះសំដៅលើទ្រូងដែលធ្វើឲ្យជនរងគ្រោះអាចស្លាប់ភ្លាមមួយរំពេច។
តាមការចុះផ្សាយរបស់សារព័ត៌មានទួរគី Hürriyet បានឲ្យដឹងថា ជនដៃដល់អាច មានដើមកំណើតមកពីប្រទេសអាស៊ី កណ្តាល ដូចជា កៀរហ្ស៊ីស្ថាន ឬក៏អូបេគី ស្ថានជាដើម។ លោករដ្ឋមន្ត្រីក្រសួងការ បរទេសកៀរហ្ស៊ីស្ថានបានថ្លែងថា លោក មិនជឿថាជនដៃដល់ដែលគេកំពុងតាមរក គឺជាជនជាតិកៀរហ្ស៊ីស្ថានទេ តែយ៉ាងណា ក៏ដោយអាជ្ញាធរប្រទេសលោកកំពុងតែ ខិតខំជួយសហការក្នុងការតាមរក។
រហូតមកទល់ពេលនេះអាជ្ញាធរទួរគីបាន ចាប់ឃាត់ខ្លួនមនុស្ស១៦នាក់ដោយក្នុងនោះមាន២នាក់ជាជនបរទេសដែលទើបតែត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី៣ ខែ មករា។ ដោយឡែកទីភ្នាក់ងារព័ត៌មាន Dogan របស់ទួរគីបានផ្សាយថា ជនដៃ ដល់បានបន្លំខ្លួនមករស់នៅក្នុងក្រុង Konya ភាគខាងត្បូងទួរគីជាមួយប្រពន្ធនិងកូនពីរនាក់។ ប្រពន្ធរបស់ជននេះក៏ស្ថិតក្នុង ចំណោមមនុស្សដែលគេចាប់ខ្លួននេះដែរ។
យោងតាមសារព័ត៌មាន Hürriyet ដដែលបានឲ្យដឹងថា សមត្ថកិច្ចទួរគីចង់ ចាប់ជនដៃដល់ឲ្យបានទាំងរស់ដើម្បីអាចមានឱកាសសួរចម្លើយ ហើយឈានទៅ បំបែកសំបុករបស់ពួកវា។ អជ្ញាធរទួរគីជឿ ថា ជនដៃដល់គឺជាបក្សពួកតែមួយរបស់ ក្រុមភេរវករដែលបានដាក់គ្រាប់បែកបំផ្ទុះនៅព្រលានយន្តហោះក្រុងអ៊ីស្តង់ប៊ូល កាលពីខែមិថុនា ឆ្នាំ២០១៦ ដែលបាន សម្លាប់មនុស្ស៤៧នាក់។ ក្នុងឆ្នាំ២០១៦ កន្លងមកនេះទួរគីបានក្លាយជាទីតាំងប្រព្រឹត្ត អំពើភេរវកម្មធំបំផុតរបស់ពួកជីហាដអង្គការរដ្ឋអ៊ិស្លាម។ ក្រុមជីហាដដ៏ព្រៃផ្សៃនេះ ធ្លាប់បានចោទទួរគីថា ជាប្រទេសអ៊ិស្លាម ដែលក្បត់ព្រះអាល់ឡា ព្រោះបានចូលដៃជាមួយពួកប្រទេសកាន់សាសនាគ្រឹស្ត៕
ប្រែសម្រួល៖ ម៉ែវ សាធី