ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បានប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោក ដូណាល់ ត្រាំ គឺជា«ជនរងគ្រោះនៃការចងគំនុំនៅលើពិភពលោក ហើយលោក ត្រាំ នឹងមិនអាក្រក់ដូចជាលោក អូបាម៉ា នោះឡើយ»។
លោក ម៉ារ៉ូ បញ្ជាក់ថា «លោក ត្រាំ នឹងមិនអាក្រក់ជាង អូបាម៉ា ឡើយខ្ញុំហ៊ាននិយាយដូច្នេះ»។ លោក អូបាម៉ា បានបន្សល់ទុកឲ្យពិភពលោក ពោរពេញដោយក្រុមភេរវកម្ម។ នៅប្រទេសតំបន់អាមេរិកឡាទីន លោក អូបាម៉ា នឹងត្រូវបានគេនឹកដល់ដោយសារតែការធ្វើរដ្ឋប្រហារ៣ផ្សេងគ្នា។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់រិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាដែលបានដាក់គំនាបទៅលើពលរដ្ឋ ប៉ុន្តែប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានតបតនោះឡើយ។
កន្លងមក វេណេហ្ស៊ុយអេឡាបានស្វាគមន៍រដ្ឋាភិបាលថ្មីរបស់លោក អូបាម៉ា ប៉ុន្តែក្រោយមក ក៏បានថ្កោលទោសដោយសារតែគោលនយោបាយ ចក្រពត្តិរបស់លោក អូបាម៉ា។ទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោនរងការចោទប្រកាន់ថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួននៅអាមេរិកឡាទីន ក្នុងនោះមានប្រេស៊ីល, ប្រទេសហុងឌុយរ៉ាស់ និងប្រទេសប៉ារ៉ាហ្គាយ។
នៅពេលនេះវេណេហ្ស៊ុយអេឡា បន្តដាក់ប្រទេសក្នុងអាសន្នជាបន្តទៀតលើបញ្ហាសេដ្ឋកិច្ច ដោយប្រទេសនេះមិនទាន់រួចផុតពីវិបត្តិសេដ្ឋកិច្ចនៅឡើយ។ វិបត្តិសេដ្ឋកិច្ចធ្វើឲ្យប្រទេសនេះប្រឈមនឹងអសន្តិសុខជាច្រើន ការឆក់ប្លន់ អំពើហិង្សាកើតឡើងគ្រប់ទិសទី។
កាលពីដំណាច់ឆ្នាំ២០១៦បិទបញ្ចប់ទៅ ប្រទេសនេះជាប់ដំណាត់ថ្នាក់លេខ២ ជាប្រទេសមានអំពើហិង្សាឧក្រិដ្ឋខ្លាំងជាងគេនៅលើពិភពលោក។ ជាមធ្យម គេរាប់ឃើញមានអត្រាឃាតកម្ម៩១,៨នាក់ ក្នុងចំណោមពលរដ្ឋ១សែននាក់ ពោលគឺមានការសម្លាប់មនុស្ស ២៨.៤៧៩នាក់ ក្នុងមួយឆ្នាំកន្លងទៅនេះ។ នេះបើតាមរបាយការណ៍របស់អង្គការសង្កេតការណ៍អំពើហិង្សាប្រទេសវ៉េណេហ្ស៊ុយអេឡា។
បើតាមស្ថិតិប្រទេសនាំមុខគេលំដាប់លេខ១ខាងហិង្សាឧក្រិដ្ឋគឺប្រទេស សាល់វ៉ាដ័រ ដោយមានចំនួនឃាតកម្មដល់ទៅ ១១៦នាក់ បើគិតក្នុងមធ្យមភាគប្រជាជន ១សែននាក់។ ជាជំនួយស្មារតីនៅប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ … ករណីមនុស្សឃាតមានត្រឹមតែ១នាក់ប៉ុណ្ណោះក្នុងអត្រាពលរដ្ឋ ១សែននាក់។
មូលហេតុដែលជំរុញឲ្យប្រទេសអាមេរិកឡាទីនមួយមានអត្រាឃាតកម្មខ្ពស់ មកពីភាពស្ពឹកស្រពន់នៃច្បាប់។ ពលរដ្ឋវ៉េណេហ្ស៊ុយអេឡាមិនរអានឹងរកយុត្តិធម៌ដោយខ្លួនឯង ព្រោះគ្មានការដាក់ទោសឧក្រិដ្ឋជនពិតៗ។ បើតាមនាយកអង្គការសង្កេតការណ៍ហិង្សា មានការសម្លាប់មនុស្សសងសឹកពីម្នាក់ទៅបីនាក់ក្នុង១សប្តាហ៍ៗ នៅវ៉េណេហ្ស៊ុយអេឡា។ ចំនួនជួលធ្វើ ឃាតមនុស្សបានកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៦នេះ។ អង្គការបានប៉ាន់ប្រមាណឃើញថា មានករណីសម្លាប់ដោយមិនចាំតុលាការកាត់ទោសមានដល់ទៅ ១២៦ករណី នៅឆ្នាំ២០១៦ ទល់នឹងជាង២០ករណីសោះ នៅឆ្នាំ២០១៥។
វិបត្តិសេដ្ឋកិច្ច និងកង្វះគ្រឿងស្បៀងអាហារ នៅវ៉េណេហ្ស៊ុយអេឡាឆ្នាំនេះ ក៏មានចំណែកនាំឲ្យចំនួនឧក្រិដ្ឋកម្មកើនឡើងដែរ។ អត្រា លួច ប្លន់ បានកើនឡើងទន្ទឹមនឹងការឈ្លោះ កាប់ចាក់សម្លាប់ ដើម្បីបំពេញតម្រូវការក្រពះ និងការត្រដររស់។ នេះបើតាមការវិភាគរបស់នាយកអង្គការសង្កេតការណ៍អំពើហិង្សានៅប្រទេស វ៉េណេហ្ស៊ុយអេឡា៕
ប្រែសម្រួល៖ ម៉ែវ សាធី