ក្លិប Bayern Munich បានទិញកីឡាករអន្តរជាតិអាល្លឺម៉ង់ចំនួន២រូបគឺ Sebastian Rudy និង Niklas Sule ពីក្រុម Hoffenheim ក្នុងក្របខ័ណ្ឌ Bundesliga ដូចគ្នា ។
កីឡាករទាំង២រូបនេះនឹងបន្តលេងឲ្យក្រុមHoffenheimរហូតដល់ចប់រដូវកាល។ ខ្សែការពារវ័យ២១ឆ្នាំ Niklas Sule បាន ចុះកុងត្រាលេងឲ្យ Bayern Munich៥ឆ្នាំ។ ចំណែកខ្សែការពារកណ្តាលវ័យ២៦ឆ្នាំ Sebastian Rudyចុះកុងត្រាតែ៣ឆ្នាំប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍មួយបានចេញផ្សាយលើគេហទំព័រផ្លូវការរបស់ក្លិប Bayern Munichថា “FC Bayern បានទិញ Niklas Süle និង Sebastian Rudy ពីក្រុម TSG 1899 Hoffenheim ដោយជោគជ័យ ហើយ។ កីឡាករអន្តរជាតិអាល្លឺម៉ង់ទាំង២រូបនេះនឹងមកកាន់ក្រុម Bayern Munich នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧”។
លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern Munichបានថ្លែងថា “យើងសប្បាយចិត្ត និងរីករាយខ្លាំងណាស់ដែលបាននាំយកកីឡាករទាំងពីរមកកាន់ក្លិបBayern Munich។ នេះគឺជាការវិនិយោគទៅថ្ងៃអនាគតរបស់ក្លិបចំពោះការផ្ទេរ Sebastian Rudy និង Niklas Sule”។
គួរបញ្ជាក់ថា Niklas Sule បានផ្ទេរចេញដោយគ្មានតម្លៃខ្លួនឡើយ ខណៈដែលក្លិបទាំង២មិនបានបញ្ចេញឲ្យដឹងនូវព័ត៌មានលម្អិតនៃតម្លៃខ្លួនកីឡាករ Sebastian Rudy នោះទេ ៕ ដេវីត