ប្រទេសថៃ៖ បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា មានព្រះសង្ឃខ្មែរក្លែងក្លាយចំនួន ៨ អង្គ ក្រោយពីដើររាយអង្គាសប្រាក់ក្នុងទកដីថៃ ត្រូវបានក្រុមតម្រួតថៃចាប់ឃាត់ខ្លួន ខណៈដែលព្រះសង្ឃក្លែងក្លាយទាំងនោះបានកំពុងអង្គុយជុំគ្នាលេងល្បែងក្នុងព្រៃមួយកន្លែងក្នុងខេត្តសមុទ្រប្រាកាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។ សង្ឃក្លែងក្លាយនោះដែរ បន្ទាប់មក ត្រូវបានតម្រួតថៃចាប់ឱ្យខាងធម្មការថៃផ្សឹក និងបញ្ជូនយកទៅអនុវត្តច្បាប់នៃប្រទេសថៃ ជាប់ចោទពីបទឆ្លងដែនខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ក្នុងដីថៃផងដែរ ។
បើតាមការស្រង់ពីកាសែតថៃដដែលឱ្យដឹងទៀតថា មុនដំបូងប្រជាពលរដ្ឋថៃឃើញសង្ឃខ្មែរខាងលើ បាននាំគ្នាដើររាយអង្គាសប្រាក់តាមដងផ្លូវមួយចំនួនក្នុងខេត្តសមុទ្រប្រាកាន ។ ប្រជាពលរដ្ឋថៃមានការសង្ស័យក៏រាយការទៅតម្រួតរបស់គេ ។ ក្រោយមកតម្រួតថៃក៏បានចុះធ្វើការស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនសង្ឃខ្មែរ៨អង្គនោះបាន នៅពេលជួបជុំគ្នាលេងបៀក្នុងព្រៃដោយយកស្បង់ជីវរក្រាលសម្រាប់លេងបៀនោះផងដែរ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងអំឡុងតម្រួតថៃចាប់ឃាត់ខ្លួន សង្ឃទាំងអស់នោះបាននាំគ្នារត់គេចខ្លួនផងដែរ ប៉ុន្តែត្រូវបានតម្រួតថៃហ៊ុំព័ទ្ធក្រសោបចាប់បានទាំងអស់។ នៅពេលនោះតម្រួតថៃបានដកហូតបៀមួយហ៊ូ ប្រាក់បាតថៃមួយចំនួន ទូរស័ព្ទដៃ៧គ្រឿងនិងប័ណ្ណសគាល់មួយចំនួន។សង្ឃទាំងអស់នោះត្រូវបានតម្រួតថៃបង្ហាញអត្តសញ្ញាណ ឈ្មោះ ១. ឯម រឿង ២. ឆាន់ ស៊ីណា ៣. ឆាន់ កៀត ៤. ស៊ឹម សារៈ ៥. ង៉ែត ផ្លយ ៦. ឆាត់ កុត ៧. ឈួន ប៊ុនរិទ្ធ និង៨. ក្រេងចិត្រា ។
បច្ចុប្បន្នសង្ឃខ្មែរក្លែងក្លាយទាំងនោះត្រូវបានតម្រួតថៃយកទៅអនុវត្តច្បាប់របស់ថៃនោះហើយ៕ សំ វិច្ឆិកា